ព្រះត្រៃបិដក ភាគ ១១
គ្រែ តាំង កន្ថោរ និងផែនក្តារសម្រាប់ផ្អែក ទៅទុកក្នុងទីដ៏សមគួរ បើវិហារមានគ្រឿងស្មុកស្មាញ ភិក្ខុត្រូវបោសអំពីពិតានចុះមកជាមុន ត្រូវជូតចំណែកជ្រុងបង្អួច បើជញ្ជាំងគេបរិកម្មដោយថ្នាំ មានសម្បុរសៅហ្មង បើផ្ទៃផែនដីដែលគេបរិកម្មដោយពណ៌ខ្មៅ ភិក្ខុត្រូវជ្រលក់សំពត់ រួចពូតចេញហើយសឹមជូត បើផ្ទៃដែលគេមិនបានធ្វើបរិកម្ម ភិក្ខុត្រូវប្រស់ហើយសឹមជូត ត្រូវជញ្ជូនសម្រាមទៅចាក់ចោល ក្នុងទីដ៏សមគួរ ត្រូវជញ្ជូនយកកម្រាលផែនដី ទ្រនាប់ជើងគ្រែ គ្រែ តាំង ពូក ខ្នើយ កម្រាលសម្រាប់អង្គុយ កន្ថោរ និងក្តារសម្រាប់ផ្អែក ទៅទុកក្នុងទីដដែលវិញ ត្រូវទុកដាក់បាត្រ និងចីវរ មិនត្រូវទុកបាត្រ ក្នុងទីដែលមិនស្អាត ត្រូវបត់ចីវរធ្វើជាយខាងនាយ ឲ្យមានផ្នត់មកខាងអាយ បើខ្យល់ប្រកបដោយធូលីបក់មកពីទិសខាងកើត ត្រូវបិទបង្អួចទិសខាងកើត បក់មកពីទិសខាងលិច ត្រូវបិទបង្អួចទិសខាងលិច បក់មកពីទិសខាងជើង ត្រូវបិទបង្អួចទិសខាងជើង បក់មកពីទិសខាងត្បូង ត្រូវបិទបង្អួចទិសខាងត្បូង បើរដូវត្រជាក់ ត្រូវបើកបង្អួចវេលាថ្ងៃ បិទវេលាយប់ បើរដូវក្តៅ ត្រូវបិទបង្អួចវេលាថ្ងៃ បើកវេលាយប់
ID: 636805706367807262
ទៅកាន់ទំព័រ៖