ព្រះត្រៃបិដក ភាគ ១១
(ព្រះអង្គទ្រង់បញ្ញត្តថា) ភិក្ខុនៅព្រៃ ត្រូវក្រោកពីព្រឹក ច្រកបាត្រក្នុងស្លោក រួចស្ពាយ ពាក់ចីវរលើស្មា ពាក់ស្បែកជើង ទុកដាក់គ្រឿងឈើ គ្រឿងដី បិទទ្វារបង្អួច ហើយចុះពីសេនាសនៈទៅ ដោយគិតថា អាត្មាអញនឹងចូលទៅកាន់ស្រុកក្នុងកាលឥឡូវនេះ ត្រូវដោះស្បែកជើង ហើយច្រកក្នុងថង់ ស្ពាយ ហើយបិទបាំងមណ្ឌលបី ស្លៀកដណ្តប់ឲ្យជាបរិមណ្ឌល ក្នុងអារញ្ញកវត្តនេះ បណ្ឌិតគប្បីដឹងសេចក្តី ដូចជាបិណ្ឌចារិកវត្ត ដូច្នោះ ភិក្ខុអ្នកនៅក្នុងព្រៃ លុះចេញពីស្រុកហើយ ត្រូវច្រកបាត្រក្នុងស្លោក ហើយស្ពាយ បត់ចីវរដាក់លើក្បាល ពាក់ស្បែកជើង ហើយទើបដើរចេញទៅ ភិក្ខុអ្នកនៅព្រៃត្រូវដំកល់ទឹកសម្រាប់ឆាន់ ទឹកសម្រាប់ប្រើប្រាស់ ភ្លើង ឈើពំនួតភ្លើង ឈើច្រត់ ត្រូវរៀនផ្កាយនក្ខត្តឫក្សទាំងអស់ ឬដោយឯកទេស ត្រូវឈ្លាសក្នុងទិស។ អារញ្ញកវត្ត ព្រះតថាគត ជាបុគ្គលខ្ពង់ខ្ពស់ជាងសត្វ បានបញ្ញត្តទុកហើយ រឿងភិក្ខុច្រើនរូបធ្វើចីវរក្នុងទីវាល ពួកឆព្វគ្គិយភិក្ខុ គោះសេនាសនៈក្នុងទីធ្លា ជាទីច្រាសខ្យល់ ភិក្ខុទាំងឡាយ ក៏ប្រឡាក់ដោយធូលី ភិក្ខុទាំងឡាយ មានសីលជាទីស្រឡាញ់ ក៏ពោលទោសឡើង។
ID: 636805714069377766
ទៅកាន់ទំព័រ៖