ព្រះត្រៃបិដក ភាគ ១១
មានសេចក្តីត្រិះរិះដូច្នេះថា ឥឡូវនេះ ពួកសក្យកុមារ សុទ្ធតែជាអ្នកមាននាមល្បីល្បាញ បានចេញបួសតាមព្រះមានព្រះភាគ ដែលទ្រង់ព្រះផ្នួសហើយ ចំណែកខាងត្រកូលរបស់យើង គ្មាននរណាមួយ ចេញចាកផ្ទះទៅបួសក្នុងសាសនាសោះ បើដូច្នោះ គួរតែអាត្មាអញ ឬអនុរុទ្ធ បួសកុំខានចុះ។ ទើបមហានាមសក្កៈ ចូលទៅរកអនុរុទ្ធសក្កៈ លុះចូលទៅដល់ហើយ បាននិយាយរឿងនុ៎ះ ចំពោះអនុរុទ្ធសក្កៈថា ម្នាលអនុរុទ្ធ ជាអនុជ ឥឡូវនេះ ពួកសក្យកុមារ សុទ្ធតែជាអ្នកមាននាមល្បីល្បាញ បានចេញបួស តាមព្រះមានព្រះភាគ ដែលទ្រង់ព្រះផ្នួសហើយ ចំណែកខាងត្រកូលរបស់យើង គ្មាននរណាមួយ ចេញចាកផ្ទះ ទៅបួសក្នុងសាសនាសោះ បើដូច្នោះ ចូរឯងបួស ឬអញនឹងបួសក៏បាន។ អនុរុទ្ធឆ្លើយថា ខ្ញុំជាមនុស្សសុខុមាលជាតិ ខ្ញុំមិនអាចនឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនាបានទេ សូមទ្រង់ស្តេចបួសចុះ។ មហានាមសក្កៈ និយាយថា ម្នាលអនុរុទ្ធ ជាអនុជ ចូរប្អូនមកអាយ បងនឹងពន្យល់ប្រយោជន៍របស់ឃរាវាសដល់ប្អូនថា ការធ្វើស្រែនោះ មុនដំបូងត្រូវភ្ជួរ ភ្ជួររួចហើយ ត្រូវព្រោះ ព្រោះរួចហើយ ត្រូវបញ្ចូលទឹក បញ្ចូលទឹករួចហើយ ត្រូវបញ្ចេញទឹក បញ្ចេញទឹករួចហើយ ត្រូវជំរះស្មៅ ជំរះស្មៅ
ID: 636805088602443104
ទៅកាន់ទំព័រ៖