ព្រះត្រៃបិដក ភាគ ១១
ថា នែអាវុសោ អ្នកចូរក្រោកចេញ ដ្បិតព្រះមានព្រះភាគ ទ្រង់បានឃើញអ្នកឯងច្បាស់ហើយ អ្នកលែងបាននៅរួមជាមួយនឹងភិក្ខុទាំងឡាយហើយ។ ឯបុគ្គលនោះ ក៏នៅស្ងៀម អស់វារៈជាគំរប់បីដងទៀត។ តពីនោះមក ព្រះមហាមោគ្គល្លានដ៏មានអាយុ ក៏ចាប់ដៃបុគ្គលនោះ ទាញចេញទៅខាងក្រៅស៊ុំទ្វារ ហើយស៊កខ្ទាស់គន្លឹះ និងរនុកទ្វារ រួចចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន បុគ្គល (ទ្រុស្តសីល) នោះ ខ្ញុំព្រះអង្គ បានបណ្តេញឲ្យដើរចេញទៅហើយ ឥឡូវនេះ បរិសទ្យបរិសុទ្ធហើយ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះអង្គ ទ្រង់សំដែងបាតិមោក្ខ ដល់ភិក្ខុទាំងឡាយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលមោគ្គល្លាន (ហេតុនេះ) អស្ចារ្យណាស់ មិនធ្លាប់កើតមានទេ ម្នាលមោគ្គល្លាន មោឃបុរសនោះ មិនសមបើនឹងមក ដរាបតែគេចាប់ទាញដៃ (បណ្តេញចេញដូច្នេះ) សោះ។
[១១៣] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងមហាសមុទ្រ មានធម្មតា មិនដែលកើតគួរអស្ចារ្យ៨យ៉ាងនេះ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។ ធម្មតាគួរអស្ចារ្យ៨យ៉ាង ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ មហាសមុទ្រ មានទំនាបដោយលំដាប់ មានទីជម្រាលដោយលំដាប់
ID: 636805719091905039
ទៅកាន់ទំព័រ៖