ព្រះត្រៃបិដក ភាគ ១១
អត្តភាព១រយយោជន៍ខ្លះ។បេ។ មានអត្តភាព៥រយយោជន៍ខ្លះ តែងនៅក្នុងមហាសមុទ្រ ដោយធម្មតាណា ម្នាលភិក្ខុទាំងឡាយ នេះជាធម្មតាមិនដែលកើត គួរអស្ចារ្យទី៨ ក្នុងមហាសមុទ្រ ដែលពួកអសុរឃើញហើយ តែងរីករាយ ក្នុងមហាសមុទ្រ។
[១២១] ម្នាលភិក្ខុទាំងឡាយ ក្នុងធម៌វិន័យនេះ មានសភាពមិនដែលកើត គួរអស្ចារ្យ៨ប្រការ ដែលភិក្ខុទាំងឡាយឃើញហើយ តែងត្រេកអរ ក្នុងធម៌វិន័យនេះ ដូចមហាសមុទ្រដែរ។ សភាពគួរអស្ចារ្យ៨ប្រការនោះ ដូចម្តេចខ្លះ។ ម្នាលភិក្ខុទាំងឡាយ ក្នុងធម៌វិន័យនេះ មានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងព្រះអរហត្តផលតែម្តងទេ ដូចមហាសមុទ្រ ដែលមានទំនាបដោយលំដាប់ មានទីជម្រាលដោយលំដាប់ មានទីទេរដោយលំដាប់ មិនមែនចោតជ្រៅទៅតែម្តង ដូចអណ្តូងទេ ម្នាលភិក្ខុទាំងឡាយ ក្នុងធម៌វិន័យនេះ តែងមានការសិក្សាដោយលំដាប់ មានកិច្ចដែលត្រូវធ្វើដោយលំដាប់ មានសេចក្តីប្រតិបត្តិដោយលំដាប់ មិនមែនបានត្រាស់ដឹងព្រះអរហត្តផលតែម្តង ដោយសភាពណា ម្នាលភិក្ខុទាំងឡាយ នេះជាសភាពមិនដែលកើត គួរអស្ចារ្យទី១ ក្នុងធម៌វិន័យនេះ ដែលភិក្ខុទាំងឡាយឃើញហើយ តែងត្រេកអរក្នុងធម៌វិន័យនេះ។
ID: 636805720775971362
ទៅកាន់ទំព័រ៖