ព្រះត្រៃបិដក ភាគ ១១
នេះឯងហើយ ដែលហៅថា សភាពមិនដែលកើត គួរអស្ចារ្យ៨ប្រការ ក្នុងធម៌វិន័យនេះ ដែលពួកភិក្ខុឃើញហើយ តែងត្រេកអរ ក្នុងធម៌វិន័យនេះ។
[១២៩] គ្រានោះ ព្រះមានព្រះភាគ ទ្រង់ជ្រាបច្បាស់សេចក្តីនុ៎ះហើយ ទ្រង់បន្លឺនូវឧទានវាចានេះ ក្នុងវេលានោះថា ភិក្ខុត្រូវអាបត្តិហើយ បិទបាំងអាបត្តិទុក រមែងត្រូវអាបត្តិថ្មីដទៃទៀត ភិក្ខុត្រូវអាបត្តិហើយ បើកអាបត្តិ មិនត្រូវអាបត្តិដទៃទៀតទេ ព្រោះហេតុនោះ កាលបើភិក្ខុ (ណាមួយ) ត្រូវអាបត្តិហើយ បិទបាំងអាបត្តិទុក ភិក្ខុ (នោះ) ត្រូវបើកអាបត្តិចេញ ធ្វើយ៉ាងនេះ ទើបមិនត្រូវអាបត្តិនោះទៀតឡើយ។
[១៣០] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ តាំងអំពីថ្ងៃនេះតទៅមុខ តថាគតនឹងមិនធ្វើឧបោសថ មិនសំដែងបាតិមោក្ខទេ ម្នាលភិក្ខុទាំងឡាយ ក្នុងកាលឥឡូវនេះ ចាប់ដើមអំពីថ្ងៃនេះតទៅមុខ ចូរអ្នកទាំងឡាយ នាំគ្នាធ្វើឧបោសថ សំដែងបាតិមោក្ខចុះ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងធ្វើឧបោសថ សំដែងបាតិមោក្ខជាមួយនឹងបរិសទ្យមិនបរិសុទ្ធដោយហេតុណា ហេតុនុ៎ះមិនមែនជាទីតាំង មិនមែនជាឱកាស
ID: 636805722824078507
ទៅកាន់ទំព័រ៖