ព្រះត្រៃបិដក ភាគ ១១
ដំណឹងថា ពួកភិក្ខុជាថេរៈ ដែលលោកជ្រាបច្បាស់នូវវារៈចិត្ត នៃបុគ្គលដទៃប្រាប់ (រឿង) យើងដល់ភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ ពួកឆព្វគ្គិយភិក្ខុឈ្មោះនេះមួយ ឈ្មោះនេះមួយ សុទ្ធតែជាអ្នកមានអាបត្តិ ហើយនាំគ្នាមកស្តាប់បាតិមោក្ខ ដោយគិតថា មិនមាននរណាស្គាល់ពួកយើងទេ។ ពួកឆព្វគ្គិយភិក្ខុទាំងនោះគិតគ្នាថា កាលពីមុន ភិក្ខុទាំងឡាយ ដែលមានសីលជាទីស្រឡាញ់ បញ្ឈប់បាតិមោក្ខចំពោះពួកយើង ហើយប្រញាប់បញ្ឈប់បាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ដែលបរិសុទ្ធ មិនមានអាបត្តិ ដោយឥតមានរឿង ឥតមានហេតុ។ ពួកភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកឆព្វគ្គិយភិក្ខុ មិនសមបើនឹងបញ្ឈប់បាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ដែលបរិសុទ្ធមិនមានអាបត្តិ ដោយឥតមានរឿង ឥតមានហេតុសោះឡើយ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលដំណើរនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បានឮថា ពួកឆព្វគ្គិយបញ្ឈប់បាតិមោក្ខ ដល់ភិក្ខុទាំងឡាយ ដែលបរិសុទ្ធ មិនមានអាបត្តិ ដោយឥតមានរឿង ឥតមានហេតុ ពិតមែនឬ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលថា បពិត្រព្រះមានព្រះភាគ ពិតមែន។បេ។
ID: 636805724017526768
ទៅកាន់ទំព័រ៖