ព្រះត្រៃបិដក ភាគ ១១
[២៥] សម័យនោះឯង ព្រះមានព្រះភាគមានបរិសទ្យច្រើន ព្រមទាំងស្តេចចោមរោមជុំវិញ ព្រះអង្គកំពុងគង់សំដែងធម៌។ គ្រានោះ ទេវទត្តក្រោកចាកទីអង្គុយ ធ្វើចីពរឆៀងស្មាម្ខាង ប្រណម្យអញ្ជលី ឆ្ពោះទៅរកព្រះមានព្រះភាគ ហើយក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគទ្រង់ព្រះជរា មានព្រះជន្មចម្រើនហើយ ចាស់ព្រះអង្គហើយ ទ្រង់ព្រះជន្មយូរឆ្នាំមកហើយ មានជ្រះជន្មជ្រុល ចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគកុំខ្វល់ខ្វាយពេក សូមសម្រាកព្រះអង្គឲ្យបានសុខស្រួល ក្នុងបច្ចុប្បន្ននេះចុះ សូមព្រះអង្គ ប្រគល់ភិក្ខុសង្ឃឲ្យមកខ្ញុំព្រះអង្គ ខ្ញុំព្រះអង្គនឹងទទួលគ្រប់គ្រងភិក្ខុសង្ឃ។ ព្រះអង្គ ទ្រង់ត្រាស់តបថា ម្នាលទេវទត្ត ណ្ហើយ អ្នកកុំពេញចិត្តនឹងការគ្រប់គ្រងភិក្ខុសង្ឃឡើយ។ ទេវទត្ត បានក្រាបទូលពាក្យនេះ នឹងព្រះមានព្រះភាគ អស់វារៈពីរដងផង។បេ។ អស់វារៈបីដងផងថា បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ ព្រះមានព្រះភាគ ទ្រង់ព្រះជរា មានព្រះជន្មចម្រើនហើយ ចាស់ព្រះអង្គហើយ ទ្រង់ព្រះជន្មយូរឆ្នាំមកហើយ មានជ្រះជន្មចូលមកក្នុងបច្ឆិមវ័យហើយ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះ សូមព្រះមានព្រះភាគកុំខ្វល់ខ្វាយពេក សូមសម្រាកព្រះអង្គឲ្យបានសុខស្រួល ក្នុងបច្ចុប្បន្ននេះចុះ សូមព្រះអង្គ ប្រគល់ភិក្ខុសង្ឃឲ្យមកខ្ញុំព្រះអង្គ
ID: 636805095814705622
ទៅកាន់ទំព័រ៖