ព្រះត្រៃបិដក ភាគ ១១

ប្រឡាក់​ដោយ​ធូលី​ ​ជា​ទុក្ខ​ ​តូច​ព្រះទ័យ​ ​ស្រក់​ទឹកព្រះនេត្រ​ ​ឈរ​ទ្រង់ព្រះ​កន្សែង​ ​ទៀប​ក្លោងទ្វារ​ខាងក្រៅ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​បានឃើញ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​មាន​ព្រះបាទ​ទាំងគូ​ពុរពង​ ​មានព្រះអង្គ​ប្រឡាក់​ដោយ​ធូលី​ ​ជា​ទុក្ខ​ ​តូច​ព្រះទ័យ​ ​ស្រក់​ទឹកព្រះនេត្រ​ ​កំពុងតែ​ឈរ​ទ្រង់ព្រះ​កន្សែង​ ​ទៀប​ក្លោងទ្វារ​ខាងក្រៅ​ ​លុះ​បានឃើញ​ហើយ​ ​ក៏​ពោល​ពាក្យ​នេះ​ ​នឹង​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ថា​ ​បពិត្រ​ព្រះនាង​គោតមី​ ​ហេតុអ្វីបានជា​ព្រះនាង​ ​មាន​ព្រះបាទ​ទាំងគូ​ពុរពង​ ​មានព្រះអង្គ​ប្រឡាក់​ដោយ​ធូលី​ ​ជា​ទុក្ខ​ ​តូច​ព្រះទ័យ​ ​ស្រក់​ទឹកព្រះនេត្រ​ ​ឈរ​ទ្រង់ព្រះ​កន្សែង​ ​ទៀប​ក្លោងទ្វារ​ខាងក្រៅ​ដូច្នេះ​។​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ឆ្លើយតប​ថា​ ​បពិត្រ​ព្រះ​អានន្ទ​ដ៏​ចំរើន​ ​បាន​ជា​ដូច្នោះ​ ​ព្រោះតែ​ព្រះមានព្រះភាគ​ ​មិន​ទ្រង់​អនុញ្ញាត​ឲ្យ​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ ​មកកាន់​ផ្នួស​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​ច្បាស់​ហើយ​ផង​សោះ​។​ ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​មាន​វាចា​ថា​ ​បពិត្រ​ព្រះនាង​គោតមី​ ​បើ​ដូច្នោះ​ ​សូម​ព្រះនាង​ទ្រង់​ចាំ​អាត្មាភាព​ ​ក្នុង​ទីនេះ​មួយរំពេច​សិន​ចុះ​ ​ទម្រាំ​អាត្មាភាព​ ​ទៅ​ក្រាបបង្គំទូល​សុំ​ព្រះមានព្រះភាគ​ ​ឲ្យ​មាតុគ្រាម​បាន​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ក្នុង​ធម្មវិន័យ​ ​ដែល​ព្រះ​តថាគត​ជ្រាប​ច្បាស់​ហើយ​។​
ថយ | ទំព័រទី ២៦៣ | បន្ទាប់
ID: 636805747235574764
ទៅកាន់ទំព័រ៖