ព្រះត្រៃបិដក ភាគ ១១
[១៧៩] លំដាប់នោះ ព្រះអានន្ទដ៏មានអាយុ ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ លុះព្រះអានន្ទដ៏មានអាយុ គង់ក្នុងទីដ៏សមគួរហើយ ក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតីគោតមីនេះ មានព្រះបាទទាំងគូពុរពង មានព្រះអង្គប្រឡាក់ដោយធូលី ជាទុក្ខ តូចព្រះទ័យ ស្រក់ទឹកព្រះនេត្រ ឈរទ្រង់ព្រះកន្សែងទៀបក្លោងទ្វារខាងក្រៅ (ព្រោះជ្រាបថា) ព្រះមានព្រះភាគ មិនទ្រង់អនុញ្ញាតឲ្យមាតុគ្រាម ចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយ បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ឲ្យមាតុគ្រាមបានចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយផង។ ព្រះសម្មាសម្ពុទ្ធទ្រង់ឃាត់ថា កុំឡើយ អានន្ទ អ្នកកុំចូលចិត្តឲ្យមាតុគ្រាមចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលតថាគតជ្រាបច្បាស់ហើយ (នោះ) ឡើយ។ ព្រះអានន្ទដ៏មានអាយុ បានក្រាបបង្គំទូលពាក្យនេះ នឹងព្រះមានព្រះភាគ ជាគំរប់ពីរដងផងថា បពិត្រព្រះអង្គដ៏ចំរើន សូមទ្រង់ព្រះមេត្តាប្រោស ឲ្យមាតុគ្រាមបានចេញចាកផ្ទះ ចូលមកកាន់ផ្នួសក្នុងធម្មវិន័យ ដែលព្រះតថាគត ទ្រង់ជ្រាបច្បាស់ហើយផងចុះ។
ID: 636805747568643815
ទៅកាន់ទំព័រ៖