ព្រះត្រៃបិដក ភាគ ១១

ហើយ​គង់​ក្នុង​ទី​ដ៏​សមគួរ​។​ ​ព្រះ​អានន្ទ​មាន​អាយុ​ ​លុះ​គង់​ក្នុង​ទីសម​គួរ​ហើយ​ ​បាន​ក្រាបបង្គំទូល​ពាក្យ​នេះ​ ​នឹង​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​គរុ​ធម៌​ទាំង៨យ៉ាង​ ​ព្រះ​នាង​មហា​ប​ជា​បតី​គោតមី​ ​បាន​ទទួល​ហើយ​ ​ព្រះ​មាតុច្ឆា​នៃ​ព្រះមានព្រះភាគ​ ​បាន​ឧបសម្បទា​រួចហើយ​។​ ​ព្រះសម្ពុទ្ធ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​អានន្ទ​ ​បើប្រសិន​ណា​ជា​មាតុគ្រាម​ ​មិនបាន​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​ជ្រាប​ច្បាស់​ហើយ​ទេ​ ​ម្នាល​អានន្ទ​ ​ព្រហ្មចារ្យ​ ​នឹង​បាន​តាំងនៅ​ជា​អង្វែង​ ​ព្រះ​សទ្ធម្ម​ ​គឺ​អរហត្តផល​ ​ក៏​នឹង​បាន​តាំងនៅ​អស់១ពាន់​ឆ្នាំ​ ​ម្នាល​អានន្ទ​ ​តែ​កាលណា​មាតុគ្រាម​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ក្នុង​ធម្មវិន័យ​ ​ដែល​តថាគត​ជ្រាប​ច្បាស់​ហើយ​ ​ម្នាល​អានន្ទ​ ​ឥឡូវនេះ​ ​ព្រហ្មចារ្យ​ ​មិនបាន​តាំងនៅ​យូរអង្វែង​ទេ​ ​ម្នាល​អានន្ទ​ ​ឥឡូវនេះ​ ​ព្រះ​សទ្ធម្ម​ ​នឹង​ឋិតនៅ​បាន​ត្រឹមតែ​ប្រាំ​រយ​ឆ្នាំ​វិញ​ ​ម្នាល​អានន្ទ​ ​មាតុគ្រាម​ ​បាន​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ក្នុង​ធម្មវិន័យ​ ​គឺ​ព្រហ្មចារ្យ​ណា​ ​ព្រហ្មចារ្យ​នោះ​ ​មិនបាន​តាំងនៅ​យូរអង្វែង​ទេ​ ​ម្នាល​អានន្ទ​ ​ប្រៀប​ដូច​ត្រកូល​ទាំងឡាយ​ណា​នីមួយ​ ​ដែល​មាន​ស្ត្រី​ច្រើន​ ​មាន​ប្រុស​តិច​ ​ត្រកូល​ទាំងនោះ​ ​ពួក​ចោរលួច​ក្អមឆ្នាំង​ ​ក៏អាច​ចូល​មក​បំផ្លាញ​បាន​ដោយ​ងាយ​ ​ម្នាល​អានន្ទ​ ​មាតុគ្រាម​ ​បាន​ចេញ​ចាក​ផ្ទះ​ ​ចូល​មកកាន់​ផ្នួស​ ​ក្នុង​ធម្មវិន័យ​ ​គឺ​ព្រហ្មចារ្យ​ណា​ ​ព្រហ្មចារ្យ​នោះ​ ​មិន​តាំងនៅ​យូរអង្វែង​ទេ​
ថយ | ទំព័រទី ២៧១ | បន្ទាប់
ID: 636805749467242409
ទៅកាន់ទំព័រ៖