ព្រះត្រៃបិដក ភាគ ១១
ត្រូវឲ្យឧបសម្បទា ដល់ភិក្ខុនីទាំងឡាយ។ គ្រានោះ ព្រះនាងមហាបជាបតីគោតមី ចូលទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះអានន្ទមានអាយុ រួចអង្គុយក្នុងទីសមគួរ។ លុះព្រះនាងមហាបជាបតីគោតមី អង្គុយក្នុងទីសមគួរហើយ បាននិយាយពាក្យនេះនឹងព្រះអានន្ទមានអាយុថា បពិត្រព្រះអានន្ទដ៏ចម្រើន ភិក្ខុនីទាំងនេះ នាំគ្នាមកនិយាយនឹងខ្ញុំ យ៉ាងនេះថា ព្រះនាងជាម្ចាស់ ជាអនុបសម្បន្នា យើងខ្ញុំទាំងឡាយ ទើបជាឧបសម្បន្នា ដ្បិតព្រះមានព្រះភាគ បានទ្រង់បញ្ញត្តិដូច្នេះថា ភិក្ខុទាំងឡាយ ត្រូវឲ្យឧបសម្បទាដល់ពួកភិក្ខុនី។ ព្រះអានន្ទមានអាយុ ក៏ចូលទៅគាល់ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ថ្វាយបង្គំព្រះមានព្រះភាគ រួចគង់ក្នុងទីដ៏សមគួរ។ ព្រះអានន្ទមានអាយុ លុះគង់ក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលពាក្យនេះ ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ព្រះនាងមហាបជាបតីគោតមី បានមកនិយាយនឹងខ្ញុំព្រះអង្គ យ៉ាងនេះថា បពិត្រព្រះអានន្ទដ៏ចម្រើន ភិក្ខុនីទាំងនេះ មកនិយាយនឹងខ្ញុំថា ព្រះនាងជាម្ចាស់ ជាអនុបសម្បន្នា យើងខ្ញុំទាំងឡាយ ទើបជាឧបសម្បន្នា ដ្បិតព្រះមានព្រះភាគ ទ្រង់បានបញ្ញត្តិដូច្នេះថា ភិក្ខុទាំងឡាយ ត្រូវឲ្យឧបសម្បទាដល់ពួកភិក្ខុនី។
ID: 636805751627315958
ទៅកាន់ទំព័រ៖