ព្រះត្រៃបិដក ភាគ ១១

 [​១៨៨​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​មិនបាន​សម្តែង​បាតិមោក្ខ​ ​ដល់​ពួក​ភិក្ខុនី​។​បេ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​សម្តែង​បាតិមោក្ខ​ដល់​ពួក​ភិក្ខុនី​។​ ​គ្រានោះ​ ​ភិក្ខុ​ទាំងឡាយ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អ្នកណា​ហ្ន៎​ ​គួរ​សម្តែង​បាតិមោក្ខ​ដល់​ពួក​ភិក្ខុនី​។​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុ​ទាំងឡាយ​សម្តែង​បាតិមោក្ខ​ ​ដល់​ពួក​ភិក្ខុនី​។​
 [​១៨៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ទៅកាន់​លំនៅ​របស់​ភិក្ខុនី​ ​ហើយ​សំដែង​បាតិមោក្ខ​ ​ដល់​ពួក​ភិក្ខុនី​។​ ​មនុស្ស​ទាំងឡាយ​ ​ក៏​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ថា​ ​ភិក្ខុនី​ទាំងនេះ​ ​ជា​ប្រពន្ធ​របស់​ភិក្ខុ​ទាំងនេះ​ ​ភិក្ខុនី​ទាំងនេះ​ ​ជាស​ហាយ​របស់​ភិក្ខុ​ទាំងនេះ​ ​ឥឡូវនេះ​ ​ភិក្ខុ​ទាំងនេះ​ ​មុខ​ជា​នឹង​ត្រេកអរ​ជាមួយនឹង​ភិក្ខុនី​ទាំងនេះ​ ​(​ទៀត​)​។​ ​កាលដែល​មនុស្ស​ទាំងនោះ​ ​កំពុង​ពោលទោស​ ​តិះដៀល​ ​បន្តុះ​បង្អាប់​ ​ភិក្ខុ​ទាំងនោះ​ ​ក៏បាន​ឮ​ច្បាស់​។​ ​លំដាប់នោះ​ ​ភិក្ខុ​ទាំងនោះ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​ភិក្ខុ​មិន​ត្រូវ​សម្តែង​បាតិមោក្ខ​ ​ដល់​ពួក​ភិក្ខុនី​ឡើយ​ ​ភិក្ខុ​ណា​សម្តែង​ ​
ថយ | ទំព័រទី ២៨០ | បន្ទាប់
ID: 636805753396137128
ទៅកាន់ទំព័រ៖