ព្រះត្រៃបិដក ភាគ ១១
តថាគតអនុញ្ញាតឲ្យធ្វើកម្ម ដល់ភិក្ខុនីទាំងឡាយ។ លំដាប់នោះ ភិក្ខុទាំងឡាយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា អ្នកណាហ្ន៎ គួរនឹងធ្វើកម្មដល់ភិក្ខុនី។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាត ឲ្យភិក្ខុធ្វើកម្មដល់ពួកភិក្ខុនី។
[១៩៣] សម័យនោះឯង ពួកភិក្ខុនី ដែលភិក្ខុបានធ្វើកម្មរួចហើយ លុះឃើញភិក្ខុ (កំពុងដើរ) ក្នុងច្រករហូតខ្លះ ក្នុងច្រកទាល់ខ្លះ ក្នុងផ្លូវបែកជាបីខ្លះ ក៏ដាក់បាត្រលើផែនដី ហើយធ្វើចីពរ ឆៀងស្មាម្ខាង អង្គុយច្រហោង ផ្គងអញ្ជលីខមាទោសថា សូមលោកម្ចាស់ទាំងឡាយ សំគាល់ថា យើងលែងធ្វើយ៉ាងនេះទៀតហើយ។ មនុស្សទាំងឡាយ (បានឃើញ) ដូច្នោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា ភិក្ខុនីទាំងនេះ ជាប្រពន្ធរបស់ភិក្ខុទាំងនេះ ភិក្ខុនីទាំងនេះ ជាសហាយរបស់ភិក្ខុទាំងនេះ ក្នុងពេលយប់ប្រទូស្តគ្នា គឺរួមដំណេកជាមួយគ្នា ឥឡូវនេះ មកខមាទោសនឹងគ្នា។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវធ្វើកម្ម ដល់ភិក្ខុនីឡើយ ភិក្ខុណាធ្វើ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ធ្វើកម្មដល់ភិក្ខុនីផងគ្នា។ ភិក្ខុនីទាំងឡាយ មិនបានដឹងថា ភិក្ខុនីត្រូវធ្វើកម្មយ៉ាងនេះ។
ID: 636805754581204910
ទៅកាន់ទំព័រ៖