ព្រះត្រៃបិដក ភាគ ១១
ប្រាប់ពួកភិក្ខុ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យពួកភិក្ខុបង្ហាញវិន័យ ដល់ពួកភិក្ខុនីបាន។
ភាណវារៈ ទី១។
[១៩៧] លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងក្រុងវេសាលី គួរតាមពុទ្ធអធ្យាស្រ័យហើយ ក៏ស្តេចទៅកាន់ចារិកនគរសាវត្ថី កាលត្រាច់ទៅកាន់ចារិកតាមលំដាប់ ទ្រង់ឆ្ពោះទៅកាន់នគរសាវត្ថីនោះ។ មានសេចក្តីដំណាលថា ព្រះមានព្រះភាគ ទ្រង់គង់ក្នុងវត្តជេតពន របស់អនាថបិណ្ឌិកសេដ្ឋី ទៀបនគរសាវត្ថីនោះ។ សម័យនោះឯង ពួកឆព្វគ្គិយភិក្ខុ សាចភក់ និងទឹកទៅលើពួកភិក្ខុនី ដោយគិតថា ធ្វើដូចម្តេចហ្ន៎ នឹងបានពួកភិក្ខុនីត្រេកអរក្នុងពួកយើង។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវសាចភក់ និងទឹកទៅលើពួកភិក្ខុនីទេ ភិក្ខុណាសាច ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុសង្ឃ) ធ្វើទណ្ឌកម្មដល់ភិក្ខុនោះ។ ភិក្ខុទាំងឡាយ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុសង្ឃត្រូវធ្វើទណ្ឌកម្មដូចម្តេចហ្ន៎។
ID: 636805755621934437
ទៅកាន់ទំព័រ៖