ព្រះត្រៃបិដក ភាគ ១១
ពួកភិក្ខុ ចំអកចំអន់ពួកភិក្ខុ (ដោយអសទ្ធម្ម) ផ្សំផ្គុំ (ពួកភិក្ខុនីលេង) ជាមួយនឹងពួកភិក្ខុ ដោយគិតថា ធ្វើដូចម្តេចហ្ន៎ នឹងបានពួកភិក្ខុត្រេកអរមករកពួកយើង។បេ។ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវបើកកាយបង្ហាញពួកភិក្ខុ មិនត្រូវបើកដោះបង្ហាញពួកភិក្ខុ មិនត្រូវបើកភ្លៅបង្ហាញពួកភិក្ខុ មិនត្រូវបើកអង្គជាតបង្ហាញពួកភិក្ខុ មិនត្រូវចំអកចំអន់ពួកភិក្ខុ (ដោយអសទ្ធម្ម) មិនត្រូវផ្សំផ្គុំ (ពួកភិក្ខុនីលេង) ជាមួយនឹងពួកភិក្ខុទេ ភិក្ខុនីណាផ្សំផ្គុំលេង ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនីសង្ឃ) ធ្វើទណ្ឌកម្ម ដល់ភិក្ខុនីនោះ។ គ្រានោះ ភិក្ខុទាំងឡាយ មានសេចក្តីត្រិះរិះដូច្នេះថា ភិក្ខុនីសង្ឃ ត្រូវធ្វើទណ្ឌកម្ម ដូចម្តេចហ្ន៎។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនីសង្ឃ) ធ្វើអាវរណកម្ម (ដល់ភិក្ខុនីទាំងឡាយ)។ លុះធ្វើអាវរណកម្មហើយ ភិក្ខុនីទាំងឡាយ ក៏មិនទទួលដោយស្រុះស្រួល។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យ (ភិក្ខុនីសង្ឃ) បញ្ឈប់ឱវាទ។
ID: 636805756485803847
ទៅកាន់ទំព័រ៖