ព្រះត្រៃបិដក ភាគ ១១

ប្រការ​ផង​ ​ដែល​សង្ឃ​ត្រូវ​សន្មត​ថា​ ​ភិក្ខុ​ឈ្មោះ​នេះ​ ​សង្ឃ​បាន​សន្មត​ឲ្យ​ជា​អ្នកឲ្យឱវាទ​ ​ដល់​ភិក្ខុនី​ហើយ​ ​ភិក្ខុនី​សង្ឃ​ ​ត្រូវ​ចូល​ទៅ​រក​ភិក្ខុ​នោះ​ចុះ​។​ ​បើ​មិន​មាន​ភិក្ខុ​ណាមួយ​ ​អាច​នឹង​ទូន្មាន​ភិក្ខុនី​បានទេ​ ​ភិក្ខុ​អ្នក​សម្តែង​បាតិមោក្ខ​ ​គប្បី​ប្រាប់​ថា​ ​ភិក្ខុ​ណាមួយ​ដែល​សង្ឃ​សន្មត​ ​ឲ្យ​ជា​អ្នក​ទូន្មាន​ភិក្ខុនី​នោះ​ ​មិន​មាន​ទេ​ ​ចូរ​ភិក្ខុនី​សង្ឃ​សម្រេចប្រយោជន៍​ ​ដោយ​សេចក្តី​ជ្រះថ្លា​ចុះ​។​
 [​២០៩​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុ​ទាំងឡាយ​ ​មិនព្រម​ទទួល​ឲ្យ​ឱវាទ​។​បេ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​បេ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​មិន​ត្រូវ​ប្រកែក​មិនព្រម​ទទួល​ឲ្យ​ឱវាទ​ទេ​ ​ភិក្ខុ​ណា​មិនព្រម​ទទួល​ ​ត្រូវអាបត្តិ​ទុក្កដ​។​
 [​២១០​]​ ​សម័យ​នោះ​ ​មាន​ភិក្ខុ១រូប​ល្ងង់​។​ ​ភិក្ខុនី​ទាំងឡាយ​នាំគ្នា​ចូល​ទៅ​រក​ភិក្ខុ​នោះ​ ​ហើយ​ពោល​ពាក្យ​នេះ​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោកម្ចាស់​ទទួល​ឲ្យ​ឱវាទ​ចុះ​។​ ​ភិក្ខុ​នោះ​ឆ្លើយ​ថា​ ​ម្នាលនាង​ ​យើង​ជា​មនុស្ស​ល្ងង់​ ​យើង​ទទួល​ឲ្យ​ឱវាទ​ដូចម្តេច​បាន​។​ ​ពួក​ភិក្ខុនី​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ ​សូម​លោក​ទទួល​ឲ្យ​ឱវាទ​ចុះ​ ​ដ្បិត​ហេតុនេះ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​បញ្ញត្ត​ថា​ ​ត្រូវ​ភិក្ខុ​ទទួល​ឲ្យ​ឱវាទ​ ​ដល់​ភិក្ខុនី​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។
ថយ | ទំព័រទី ២៩៤ | បន្ទាប់
ID: 636805761734824074
ទៅកាន់ទំព័រ៖