ព្រះត្រៃបិដក ភាគ ១១
តថាគតអនុញ្ញាតឲ្យភិក្ខុអ្នកនៅក្នុងព្រៃ ទទួលឲ្យឱវាទផង ឲ្យធ្វើសង្កេត (សេចក្តីកំណត់)ផងថា អាត្មាអញ នឹងផ្លាស់ទៅក្នុងទីនោះ។
[២១៤] សម័យនោះឯង ភិក្ខុទាំងឡាយទទួលឲ្យឱវាទ ហើយមិនបានប្រាប់ដល់ (ភិក្ខុអ្នកសំដែងបាតិមោក្ខ)។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនត្រូវភិក្ខុមិនប្រាប់ឱវាទ (ដល់ភិក្ខុនី)ទេ ភិក្ខុណាមិនប្រាប់ ត្រូវអាបត្តិទុក្កដ។
[២១៥] សម័យនោះឯង ភិក្ខុទាំងឡាយ ទទួលឲ្យឱវាទហើយ មិនផ្លាស់ទី (តាមសង្កេត)។បេ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនត្រូវមិនផ្លាស់ទី (តាមសង្កេត)ទេ ភិក្ខុណាមិនផ្លាស់ ត្រូវអាបត្តិទុក្កដ។
[២១៦] សម័យនោះឯង ភិក្ខុនីទាំងឡាយ មិនទៅកាន់ទីដែលសង្ឃកំណត់ហើយ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវខានទៅកាន់ទីដែលសង្ឃកំណត់ហើយទេ ភិក្ខុនីណាមិនទៅ ត្រូវអាបត្តិទុក្កដ។
ID: 636805762698119171
ទៅកាន់ទំព័រ៖