ព្រះត្រៃបិដក ភាគ ១១
ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវឲ្យគេដំត្រគាកដោយឈើមានសណ្ឋានដូចឆ្អឹងស្មងគោ មិនត្រូវឲ្យគេដំត្រគាក មិនត្រូវឲ្យគេដំដៃ មិនត្រូវឲ្យគេដំខ្នងដៃ មិនត្រូវឲ្យគេដំជើង មិនត្រូវឲ្យគេដំខ្នងជើង មិនត្រូវឲ្យគេដំភ្លៅ មិនត្រូវឲ្យគេដំមុខ មិនត្រូវឲ្យគេដំសាច់ជើងធ្មេញ ដោយឈើមានសណ្ឋានដូចឆ្អឹងចង្កាគោទេ ភិក្ខុនីណាឲ្យគេដំ ត្រូវអាបត្តិទុក្កដ។
[២២០] សម័យនោះឯង ពួកឆព្វគ្គិយាភិក្ខុនី លាបមុខ ប្រស់មុខ ខាត់មុខ ចឹមមុខ ស្រឡាបខ្លួន ស្រឡាបមុខ ស្រឡាបទាំងខ្លួន ទាំងមុខ ដោយគ្រឿងលាប លាយដោយមនោសិលា (ម្សៅលាម)។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា។បេ។ ដូចជាពួកស្រីគ្រហស្ថ អ្នកបរិភោគកាម។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីមិនត្រូវលាបមុខ មិនត្រូវប្រស់មុខ មិនត្រូវខាត់មុខ មិនត្រូវចឹមមុខ មិនត្រូវស្រឡាបខ្លួន មិនត្រូវស្រឡាបមុខ មិនត្រូវស្រឡាបទាំងខ្លួន ទាំងមុខ ដោយគ្រឿងលាបលាយដោយមនោសិលាទេ ភិក្ខុនីណាធ្វើ ត្រូវអាបត្តិទុក្កដ។
ID: 636805763834884191
ទៅកាន់ទំព័រ៖