ព្រះត្រៃបិដក ភាគ ១១
ទទួលយកចង្ហាន់ទៅចុះ។ ភិក្ខុនីឆ្លើយថា ណ្ហើយ លោកម្ចាស់។ ភិក្ខុនោះ និយាយពាក្យនេះនឹងភិក្ខុនីនោះ អស់វារៈបីដងថា ហ៏នាង ចូរនាងទទួលយកចង្ហាន់ទៅចុះ។ ភិក្ខុនីឆ្លើយថា ណ្ហើយ លោកម្ចាស់។ ភិក្ខុប្រាប់ថា ម្នាលនាង យើងបានសមាទានថា (បើ) អាត្មាអញបានចង្ហាន់ណាជាដម្បូង ហើយមិនទាន់បានឲ្យចង្ហាន់នោះ ដល់ភិក្ខុក្តី ដល់ភិក្ខុនីក្តី អាត្មាអញក៏មិនឆាន់ចង្ហាន់នោះទេ ម្នាលនាង ហ៏ចូរនាងទទួលយកចង្ហាន់នេះទៅចុះ។ គ្រានោះ ភិក្ខុនីនោះ កាលបើភិក្ខុនោះបង្ខំ (ឲ្យទទួល) ក៏បង្ហាញបាត្រថា បពិត្រលោកម្ចាស់ សូមនិមន្តមើលកូនខ្ចីក្នុងបាត្រ (តែ) សូមលោកម្ចាស់កុំប្រាប់នរណាឡើយ។ លំដាប់នោះ ភិក្ខុនោះពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើភិក្ខុនីដាក់កូនខ្ចីក្នុងបាត្រសោះ។ ទើបភិក្ខុនោះ ប្រាប់រឿងនុ៎ះ ដល់ភិក្ខុទាំងឡាយ។ ភិក្ខុណា មានសេចក្តីប្រាថ្នាតិច។បេ។ ភិក្ខុទាំងនោះ ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើភិក្ខុនី ដាក់កូនខ្ចីក្នុងបាត្រសោះ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។បេ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនី មិនត្រូវដាក់កូនខ្ចីក្នុងបាត្រទេ ភិក្ខុនីណាដាក់យកទៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ឃើញភិក្ខុហើយ ត្រូវបើកបាត្របង្ហាញ។
ID: 636805765815947501
ទៅកាន់ទំព័រ៖