ព្រះត្រៃបិដក ភាគ ១១

​ដើម្បីឲ្យ​ឧបសម្បទា​ ​ក្នុង​សំណាក់​ភិក្ខុសង្ឃ​ ​ដល់​ភិក្ខុនី​ ​ដែល​បាន​ឧបសម្បទា​ ​ដោយ​ចំណែក​ម្ខាង​ដ៏​បរិសុទ្ធ​ ​ក្នុង​ភិក្ខុនី​សង្ឃ​រួច​ ​(​ម្តង​)​ហើយ​។​
 [​២៣៩​]​ ​សម័យ​នោះ​ឯង​ ​ពួក​ភិក្ខុនី​ ​មិនបាន​ប្រៀនប្រដៅ​ឧបសម្បទា​បេ​ក្ខា​សោះ​ទេ​ ​គ្រាន់តែ​សាកសួរ​អន្តរាយិក​ធម៌​។​ ​ឧបសម្បទា​បេ​ក្ខា​ ​ក៏​អៀនខ្មាស​ ​មានមុខ​ឱន​ចុះ​ ​មិន​អាច​នឹង​ឆ្លើយ​ប្រាប់​បាន​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ ​ឲ្យ​ប្រៀនប្រដៅ​ជាមុន​សិន​ ​ហើយ​សឹម​សួរ​អន្តរាយិក​ធម៌​ជា​ក្រោយ​។​ ​ពួក​ភិក្ខុ​ក៏​ប្រៀនប្រដៅ​ ​(​ឧបសម្បទា​បេ​ក្ខា​)​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​នោះ​។​ ​ឧបសម្បទា​បេ​ក្ខា​ ​នៅតែ​អៀនខ្មាស​ ​មានមុខ​ឱន​ចុះ​ ​មិន​អាច​ឆ្លើយ​ប្រាប់​បាន​ដូច្នោះ​ទៀត​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​រឿង​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ប្រៀនប្រដៅ​ក្នុង​ទី​ដ៏​សមគួរ​ ​ហើយ​សឹម​សួរ​អន្តរាយិក​ធម៌​ ​ក្នុង​កណ្តាល​ជំនុំ​សង្ឃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​ភិក្ខុនី​)​ ​ត្រូវ​ប្រៀនប្រដៅ​ឧបសម្បទា​បេ​ក្ខា​យ៉ាងនេះ​។​ ​មុនដំបូង​ ​ត្រូវ​ភិក្ខុនី​ឲ្យ​ឧបសម្បទា​បេ​ក្ខា​ ​កាន់​យក​ឧបជ្ឈាយ៍​ ​លុះ​ឲ្យ​កាន់​យក​ឧបជ្ឈាយ៍​ហើយ​ ​គប្បី​ប្រាប់​បាត្រ​ ​និង​ចីវរ​ថា​ ​នេះ​ជា​បាត្រ​ ​នេះ​ជា​សង្ឃាដី​ ​នេះ​ជា​ចីពរ​ ​នេះ​ជា​ស្បង់​ ​នេះ​ជា​សំពត់​ពុង​(​១​)​​
(​១​)​​ ​តាម​ទំនង​ពាក្យ​ខ្មែរ​ខ្លះ​ ​គួរ​ប្រែថា​ ​អៀម​។​
ថយ | ទំព័រទី ៣១៤ | បន្ទាប់
ID: 636805768805248479
ទៅកាន់ទំព័រ៖