ព្រះត្រៃបិដក ភាគ ១១
នេះជាសំពត់ងូតទឹករបស់នាង នាងចូរទៅឈរ ក្នុងទីឱកាសឯណោះ។ (វេលានោះ) ភិក្ខុនីល្ងង់ មិនឆ្លាសទៅប្រដៅ។ ឧបសម្បទាបេក្ខាទាំងឡាយ ដែលភិក្ខុនីមិនឆ្លាស ប្រដៅមិនស្រួល ក៏នៅតែរឹងខ្លួន អៀនខ្មាស មិនអាចនឹងឆ្លើយប្រាប់បាន។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីដែលល្ងង់ មិនឆ្លាស មិនត្រូវប្រដៅឧបសម្បទាបេក្ខាទេ ភិក្ខុនីណាប្រដៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ដែលឆ្លាសប្រតិពល ប្រដៅ (ឧបសម្បទាបេក្ខា)បាន។ ភិក្ខុនីដែលសង្ឃមិនបានសន្មត ក៏ទៅប្រៀនប្រដៅ។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនីដែលសង្ឃមិនបានសន្មត មិនត្រូវប្រៀនប្រដៅឧបសម្បទាបេក្ខាទេ ភិក្ខុនីណាប្រៀនប្រដៅ ត្រូវអាបត្តិទុក្កដ ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យភិក្ខុនី ដែលសង្ឃសន្មតហើយ (នោះ) ប្រៀនប្រដៅបាន។ ម្នាលភិក្ខុទាំងឡាយ សង្ឃគប្បីសន្មតយ៉ាងនេះ។ ខ្លួនឯងគប្បីសន្មតខ្លួនឯងក៏បាន ភិក្ខុនីដទៃគប្បីសន្មតភិក្ខុនីដទៃក៏បាន។
ID: 636805769056272837
ទៅកាន់ទំព័រ៖