ព្រះត្រៃបិដក ភាគ ១១
អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយអំពើនោះតែម្យ៉ាង ការសន្មតិនោះ គួរដល់សង្ឃហើយ ព្រោះហេតុនោះ បានជាសង្ឃស្ងៀម។ ខ្ញុំសូមចាំទុកសេចក្តីនេះ ដោយអាការស្ងៀមយ៉ាងនេះ។
[២៩] ព្រះសារីបុត្តដ៏មានអាយុដែលសង្ឃបានសន្មតរួចហើយ ក៏ចូលទៅនគររាជគ្រឹះ ជាមួយនឹងភិក្ខុច្រើនរូប បានប្រកាស (ទោស) ទេវទត្ត ក្នុងនគររាជគ្រឹះថា កាលពីដើម ទេវទត្ត មានប្រក្រតីផ្សេង ឥឡូវនេះ មានប្រក្រតីផ្សេង ទេវទត្ត ធ្វើអំពើណាដោយកាយ វាចា អំពើនោះ នាំគាត់ឲ្យលែងបានឃើញព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃហើយ ទេវទត្ត ត្រូវគេឃើញ ដោយកម្មនោះតែម្យ៉ាង។ ក្នុងនគររាជគ្រឹះនោះ មនុស្សពួកណា ដែលមិនមានសទ្ធា មិនជ្រះថ្លា ជាអ្នកឥតប្រាជ្ញា មនុស្សពួកនោះ និយាយគ្នាយ៉ាងនេះថា សមណសក្យបុត្តិយ៍ទាំងនេះ ជាអ្នកច្រណែន ឈ្នានីសលាភសក្ការៈរបស់ទេវទត្ត។ ចំណែកមនុស្សពួកណា ដែលមានសទ្ធាជ្រះថ្លា មានប្រាជ្ញាវាងវៃ មនុស្សពួកនោះ និយាយគ្នាថា ព្រះមានព្រះភាគឲ្យភិក្ខុសង្ឃប្រកាស (ទោស) ទេវទត្ត ក្នុងនគររាជគ្រឹះ ដោយកិច្ចណា កិច្ចនេះ មិនមែនជាការថោកទាបទេ។
ID: 636805097818930257
ទៅកាន់ទំព័រ៖