ព្រះត្រៃបិដក ភាគ ១១
[២៦៣] សម័យនោះឯង មានស្ត្រី១នាក់ មានគភ៌នៅខ្ចី ចូលមកបួសក្នុងសំណាក់ភិក្ខុនី។ លុះស្រ្តីនោះបួសហើយ គភ៌ក៏ប្រសូតមក។ ភិក្ខុនីនោះមានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញនឹងថែរក្សាទារកនេះ ដោយប្រការដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យចិញ្ចឹមដរាបតែទារកនោះបានដឹងក្តី។ ទើបភិក្ខុនីនោះ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មាអញម្នាក់ឯង នៅជាមួយនឹងក្មេងប្រុសមិនបាន ទាំងភិក្ខុនីឯទៀត ក៏នៅជាមួយនឹងក្មេងប្រុសមិនបាន តើអាត្មាអញ ត្រូវថែរក្សាដូចម្តេច។ ភិក្ខុទាំងឡាយ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ តថាគតអនុញ្ញាតឲ្យសន្មតភិក្ខុនី១រូប ឲ្យបានជាគំរប់ពីរនឹងភិក្ខុនីនោះ។ ម្នាលភិក្ខុទាំងឡាយ ត្រូវសន្មតយ៉ាងនេះ។ ត្រូវសូមភិក្ខុនីជាមុន លុះសូមរួចហើយ គប្បីឲ្យភិក្ខុនីដែលឈ្លាស ប្រតិពល ប្រកាសសង្ឃថា បពិត្រព្រះនាងជាម្ចាស់ សូមសង្ឃស្តាប់ខ្ញុំ បើកម្មមានកាលគួរ ដល់សង្ឃហើយ សង្ឃគប្បីសន្មតភិក្ខុនីឈ្មោះនេះ ឲ្យបានជាគំរប់ពីរនឹងភិក្ខុនីឈ្មោះនេះ។
ID: 636805776311517813
ទៅកាន់ទំព័រ៖