ព្រះត្រៃបិដក ភាគ ១១

នេះ​ជាញ​ត្តិ​។​ ​បពិត្រ​ព្រះនាង​ជា​ម្ចាស់​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សង្ឃ​សន្មត​ភិក្ខុនី​ឈ្មោះ​នេះ​ ​ឲ្យបាន​ជា​គំរប់​ពីរ​នឹង​ភិក្ខុនី​ឈ្មោះ​នេះ​។​ ​ការ​សន្មតិ​ភិក្ខុនី​ឈ្មោះ​នេះ​ ​ឲ្យ​ជា​គំរប់​ពីរ​ ​នឹង​ភិក្ខុនី​ឈ្មោះ​នេះ​ ​សមគួរ​ដល់​នាង​ជា​ម្ចាស់​អង្គ​ណា​ ​នាង​ជា​ម្ចាស់​អង្គ​នោះ​ ​គប្បី​ស្ងៀម​ ​មិន​សមគួរ​ដល់​នាង​ជា​ម្ចាស់​អង្គ​ណា​ ​នាង​ជា​ម្ចាស់​អង្គ​នោះ​ ​គប្បី​ឆ្លើយ​មក​។​ ​ភិក្ខុនី​ឈ្មោះ​នេះ​ ​សង្ឃ​បាន​សន្មត​ ​ឲ្យ​ជា​គំរប់​ពីរ​ ​នឹង​ភិក្ខុនី​ឈ្មោះ​នេះ​ហើយ​។​ ​ការ​សន្មតិ​នេះ​ ​សមគួរ​ដល់​សង្ឃ​ ​ព្រោះហេតុនោះ​ ​បាន​ជា​សង្ឃ​ស្ងៀម​។​ ​ខ្ញុំ​សូម​ចាំទុក​ ​នូវ​ដំណើរ​នេះ​ ​ដោយ​អាការ​ស្ងៀម​យ៉ាងនេះ​។​ ​លំដាប់នោះ​ ​ភិក្ខុនី​ជា​គំរប់​ពីរ​របស់​ភិក្ខុនី​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​ត្រូវ​ថែរក្សា​ក្នុង​ទារក​នោះ​ដូចម្តេច​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ថែរក្សា​ក្នុង​ទារក​នោះ​ដូចជា​ប្រតិបត្តិ​ក្នុង​បុរស​ដទៃ​ដែរ​ ​វៀរលែងតែ​ការ​ដេក​ក្នុង​ផ្ទះ​ជាមួយគ្នា​ចេញ​។​
 [​២៦៤​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុនី១រូប​ ​ត្រូវ​គរុកាបត្តិ​ហើយ​ ​នៅ​ប្រព្រឹត្ត​មានត្ត​។​ ​ភិក្ខុនី​នោះ​ ​ក៏​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​អាត្មាអញ​ម្នាក់ឯង​ ​នៅ​មិនបាន​ ​ទាំង​ភិក្ខុនី​ឯទៀត​ ​ក៏​នៅជា​មួយ​អាត្មាអញ​មិនបាន
ថយ | ទំព័រទី ៣៣៨ | បន្ទាប់
ID: 636805776600044316
ទៅកាន់ទំព័រ៖