ព្រះត្រៃបិដក ភាគ ១១

សូម​ឧបសម្បទា​នឹង​ភិក្ខុនី​ទាំងឡាយ​វិញ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​(​បើ​)​ ​ភិក្ខុនី​មិនបាន​ពោល​លាសិក្ខា​ទេ​ ​ភិក្ខុនី​នោះ​សឹក​ចេញទៅ​ ​ព្រោះ​ហេតុ​ណា​ ​នាង​នោះ​ ​មិន​ហៅថា​ ​ភិក្ខុនី​ ​ព្រោះតែ​ហេតុ​នោះ​ឯង​។​
 [​២៦៦​]​ ​សម័យ​នោះ​ឯង​ ​មាន​ភិក្ខុនី១រូប​ ​ចូល​ទៅកាន់​លទ្ធិ​តិរ្ថិយ​ ​ទាំង​សំពត់​កាសាវៈ​ ​នាង​នោះ​ក៏​ត្រឡប់​មក​សូម​ឧបសម្បទា​នឹង​ភិក្ខុនី​ទាំងឡាយ​វិញ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុនី​ណា​ ​ចូល​ទៅកាន់​តិរ្ថិយ​ទាំង​សំពត់​កាសាវៈ​ ​ហើយ​នាង​នោះ​ត្រឡប់មកវិញ​ ​សង្ឃ​មិន​ត្រូវឲ្យ​ឧបសម្បទា​ទេ​។​ ​
 [​២៦៧​]​ ​សម័យ​នោះ​ឯង​ ​ភិក្ខុនី​ទាំងឡាយ​មាន​សេចក្តី​រង្កៀស​ ​មិន​ត្រេកអរ​ចំពោះ​កិរិយា​ថ្វាយបង្គំ​ ​ការ​កោរសក់​ ​ការ​កាត់​ក្រចក​ ​ចំពោះ​ការ​រក្សា​ដំបៅ​មួយអន្លើដោយ​បុរស​ទាំងឡាយ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ក្រាបបង្គំទូល​សេចក្តី​នុ៎ះ​ ​ចំពោះ​ព្រះមានព្រះភាគ​។​ ​ព្រះអង្គ​ ​ទ្រង់​ត្រាស់​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​អនុញ្ញាត​ឲ្យ​ភិក្ខុនី​ត្រេកអរ​បាន​។​
ថយ | ទំព័រទី ៣៤០ | បន្ទាប់
ID: 636805777325205793
ទៅកាន់ទំព័រ៖