ព្រះត្រៃបិដក ភាគ ១១
ជារបស់មានកិរិយាទ្រុឌទ្រោម វិនាសទៅវិញជាធម្មតា ធម្មជាតនោះ បុគ្គលឃាត់ថា កុំវិនាសទៅវិញដូច្នេះ ពុំបានឡើយ ម្នាលអាវុសោទាំងឡាយ សម័យនោះឯង មានភិក្ខុមួយរូបឈ្មោះ សុភទ្ទ បួសឯចាស់ អង្គុយនៅក្នុងចំណោមបរិសទ្យនោះ ម្នាលអាវុសោទាំងឡាយ គ្រានោះ ស្រាប់តែសុភទ្ទភិក្ខុបួសឯចាស់ និយាយទៅនឹងភិក្ខុទាំងឡាយនោះ យ៉ាងនេះថា នែអាវុសោទាំងឡាយ អ្នកទាំងឡាយ កុំសោយសោកឡើយ កុំខ្សឹកខ្សួលអណ្តឺតអណ្តកឡើយ យើងទាំងឡាយឈ្មោះថា ផុតស្រឡះហើយ អំពីមហាសមណៈនោះ ព្រោះថា យើងទាំងឡាយ មហាសមណៈនោះតែងបៀតបៀនថា អំពើនេះគួរដល់អ្នកទាំងឡាយ អំពើនេះ មិនគួរដល់អ្នកទាំងឡាយទេ ឥឡូវនេះស្រួលហើយ យើងរាល់គ្នាចង់ធ្វើនូវអំពើណា នឹងធ្វើនូវអំពើនោះក៏បាន មិនចង់ធ្វើនូវអំពើណា នឹងមិនធ្វើនូវអំពើនោះក៏បាន ម្នាលអាវុសោទាំងឡាយ ណ្ហើយចុះ យើងរាល់គ្នាសង្គាយនានូវធម៌ និងវិន័យ តំណទៅមុខ អកុសលធម៌ មុខជានឹងរុងរឿងឡើង កុសលធម៌មុខជានឹងសាបសូន្យទៅ សភាវៈមិនមែនជាវិន័យ មុខជានឹងរុងរឿងឡើង វិន័យមុខជានឹងសាបសូន្យទៅ តំណទៅមុខ ពួកបុគ្គលជាអធម្មវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាធម្មវាទី នឹងថយកំឡាំងចុះ ពួកបុគ្គលជាអវិនយវាទី នឹងមានកំឡាំងឡើង ពួកបុគ្គលជាវិនយវាទី នឹងថយកំឡាំងចុះ។
ID: 636805783826127624
ទៅកាន់ទំព័រ៖