ព្រះត្រៃបិដក ភាគ ១១
[២៧៩] ភិក្ខុទាំងឡាយពោលថា បពិត្រព្រះថេរៈដ៏ចំរើន បើដូច្នោះ សូមព្រះថេរៈជ្រើរើនូវភិក្ខុទាំងឡាយចុះ។ ទើបព្រះមហាកស្សមានអាយុ ជ្រើសរើសនូវព្រះអរហន្តទាំងឡាយ បានចំនួន៤៩៩អង្គ។ ភិក្ខុទាំងឡាយ និយាយពាក្យនេះ នឹងព្រះមហាកស្សមានអាយុថា បពិត្រព្រះករុណាដ៏ចំរើន ព្រះអានន្ទមានអាយុនេះ នៅជាសេក្ខបុគ្គលពិតមែន តែលោកមិនអាចនឹងលុះដោយឆន្ទាគតិ ទោសាគតិ មោហាគតិ ភយាគតិទេ ធម៌ក្តី វិន័យក្តី ព្រះអានន្ទនេះ បានសិក្សារៀនសូត្រ ក្នុងសំណាក់ព្រះមានព្រះភាគជាច្រើន បពិត្រព្រះករុណាដ៏ចំរើន បើដូច្នោះ សូមព្រះថេរៈជ្រើសរើសយកព្រះអានន្ទមានអាយុផង។ ទើបព្រះមហាកស្សមានអាយុ ជ្រើសរើសយកព្រះអានន្ទមានអាយុបញ្ចូលផង (ជា៥០០អង្គ)។ លំដាប់នោះ ភិក្ខុទាំងឡាយ ដែលជាថេរៈ មានសេចក្តីរិះគិតដូច្នេះថា យើងទាំងឡាយគប្បីសង្គាយនាធម៌ និងវិន័យក្នុងទីណាហ្ន៎។ គ្រានោះឯង ភិក្ខុទាំងឡាយ ដែលជាថេរៈ មានសេចក្តីរិះគិតឃើញដូច្នេះថា នគររាជគ្រឹះ ជាស្រុកមានទីគោចរក៏ច្រើន មានសេនាសនៈក៏ច្រើន បើដូច្នោះ គួរតែយើងរាល់គ្នា ទៅនៅចាំវស្សាក្នុងនគររាជគ្រឹះ ទើបអាចនឹងសង្គាយនា នូវធម៌និងវិន័យបាន ឯភិក្ខុទាំងឡាយឯទៀត កុំគប្បីចូលទៅនៅចាំវស្សា ក្នុងនគររាជគ្រឹះឡើយ។ លំដាប់នោះឯង ព្រះមហាកស្សមានអាយុ
ID: 636805784114054093
ទៅកាន់ទំព័រ៖