ព្រះត្រៃបិដក ភាគ ១១
ឲ្យឡើងឋានន្តរខ្ពស់។ លំដាប់នោះ ព្រះបាទពិម្ពិសារមាគធសេនិយរាជ បានត្រាស់ព្រះតម្រាស់នេះ នឹងអជាតសត្តុកុមារថា ម្នាលកុមារ អ្នកចង់សម្លាប់យើងដើម្បីអ្វី។ អជាតសត្តុកុមារក្រាបទូលថា បពិត្រព្រះសម្មតិទេព ខ្ញុំព្រះអង្គត្រូវការដោយរាជសម្បត្តិ។ ព្រះរាជាប្រគល់រាជសម្បត្តិ ដល់អជាតសត្តុកុមារថា ម្នាលកុមារ បើអ្នកត្រូវការដោយរាជសម្បត្តិ រាជសម្បត្តិនេះ ជារបស់អ្នកឯងហើយ។
[៣២] គ្រានោះ ទេវទត្ត ចូលទៅរកអជាតសត្តុកុមារ លុះចូលទៅដល់ហើយ បាននិយាយពាក្យនេះនឹងអជាតសត្តុកុមារថា បពិត្រមហារាជ សូមព្រះអង្គប្រើបុរសឲ្យទៅសម្លាប់ព្រះសមណគោតម។ អជាតសត្តុកុមារបង្គាប់មនុស្សទាំងឡាយថា ម្នាលនាយ លោកម្ចាស់ទេវទត្ត មានថេរវាចាយ៉ាងណា ចូរអ្នកទាំងអស់គ្នា ធ្វើយ៉ាងនោះចុះ។ គ្រានោះ ទេវទត្តបង្គាប់បុរសម្នាក់ថា ម្នាលនាយ ចូរអ្នកទៅសម្លាប់ព្រះសមណគោតម ដែលគង់នៅក្នុងឱកាសឯណោះ ហើយសឹមមកតាមផ្លូវនេះ បង្គាប់បុរសពីរនាក់ ឲ្យឈរចាំទៀបផ្លូវនោះថា បុរសណាដែលមកតែម្នាក់ឯងតាមផ្លូវនេះ ចូរអ្នកទាំងពីរនាក់សម្លាប់បុរសនោះ ហើយសឹមដើរមកតាមផ្លូវនេះ
ID: 636805099086832777
ទៅកាន់ទំព័រ៖