ព្រះត្រៃបិដក ភាគ ១១

បង្គំ​ទូល​ព្រះបាទ​ឧទេន​ដូច្នេះ​ថា​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ឮ​ថា​លោកម្ចាស់​អានន្ទ​ ​ជា​អាចារ្យ​របស់​យើង​ទាំងឡាយ​ ​មក​គង់នៅ​ក្រោមម្លប់​ឈើមួយដើម​ ​មិន​ឆ្ងាយ​អំពី​ឧទ្យាន​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​យើងខ្ញុំ​ទាំងឡាយ​ ​ចង់​ឃើញ​ព្រះ​អានន្ទ​ជា​ម្ចាស់​។​ ​ព្រះរាជា​មាន​ព្រះរាជឱង្ការ​ថា​ ​បើ​ដូច្នោះ​ ​ចូរ​អ្នក​ទាំងឡាយ​ទៅ​មើល​សមណៈ​ឈ្មោះ​អានន្ទ​ចុះ​។​ ​គ្រានោះ​ឯង​ ​ពួក​ព្រះមហេសី​របស់​ព្រះបាទ​ឧទេន​ ​ចូល​ទៅ​រក​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏​ថ្វាយបង្គំ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ហើយ​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​។​ ​កាលបើ​ពួក​ព្រះមហេសី​នៃ​ព្រះបាទ​ឧទេន​អង្គុយ​ក្នុង​ទី​ដ៏​សមគួរ​ហើយ​ ​ទើប​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​ប្រព្រឹត្ត​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​។​ ​គ្រានោះ​ឯង​ ​ពួក​ព្រះមហេសី​នៃ​ព្រះបាទ​ឧទេន​ ​កាលបើ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ឲ្យ​ឃើញច្បាស់​ ​ឲ្យ​ប្រព្រឹត្ត​តាម​ ​ឲ្យ​អាច​ហ៊ាន​ ​ឲ្យ​រីករាយ​ដោយ​ធម្មី​កថា​ហើយ​ ​ក៏​ប្រគេន​សំពត់​ឧត្តរាសង្គៈ៥០០​ ​ដល់​ព្រះ​អានន្ទ​មាន​អាយុ​។​ ​លំដាប់នោះ​ឯង​ ​ពួក​ព្រះមហេសី​នៃ​ព្រះបាទ​ឧទេន​ ​ត្រេកអរ​រីករាយ​នឹង​ភាសិត​របស់​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ហើយ​ ​ទើប​ក្រោក​ចាក​អាសនៈ​ ​ថ្វាយបង្គំ​ព្រះ​អានន្ទ​ដ៏​មាន​អាយុ​ ​ធ្វើ​ប្រទក្សិណ​ ​ហើយ​ចូល​ទៅ​គាល់​ព្រះបាទ​ឧទេន​។​
ថយ | ទំព័រទី ៣៧៥ | បន្ទាប់
ID: 636805788939860113
ទៅកាន់ទំព័រ៖