ព្រះត្រៃបិដក ភាគ ១១
[២៩០] ព្រះបាទឧទេន ទ្រង់ទតឃើញពួកព្រះមហេសីមកអំពីចម្ងាយ លុះឃើញហើយ មានព្រះបន្ទូល សួរពួកព្រះមហេសីដូច្នេះថា អ្នកទាំងឡាយបានឃើញសមណៈឈ្មោះអានន្ទដែរឬ។ ពួកព្រះមហេសីក្រាបទូលថា បពិត្រព្រះសម្មតិទេព យើងខ្ញុំទាំងឡាយ បានឃើញព្រះអានន្ទជាម្ចាស់ហើយ។ ចុះអ្នកទាំងឡាយបានប្រគេនវត្ថុអ្វីបន្តិចបន្តួច ដល់សមណៈឈ្មោះអានន្ទខ្លះដែរឬ។ បពិត្រព្រះសម្មតិទេព យើងខ្ញុំទាំងឡាយបានប្រគេនសំពត់ឧត្តរាសង្គៈ ៥០០ ដល់ព្រះអានន្ទជាម្ចាស់ហើយ។ ព្រះបាទឧទេន ក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា មិនសមបើសមណៈឈ្មោះអានន្ទ ទទួលយកចីវរច្រើនដល់ម្ល៉េះទេ សមណៈឈ្មោះអានន្ទ នឹងធ្វើជំនួញសំពត់ឬ ៗនឹងតាំងរោងលក់សំពត់។ គ្រានោះឯង ព្រះបាទឧទេន ស្តេចទៅរកព្រះអានន្ទមានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរីករាយ សំណេះសំណាលនឹងព្រះអានន្ទមានអាយុ លុះបញ្ចប់ពាក្យដែលរីករាយ និងពាក្យដែលគួររលឹក ល្មមឲ្យកើតសេចក្តីស្និទ្ធស្នាលហើយ ក៏គង់ក្នុងទីសមគួរ។ លុះព្រះបាទឧទេន គង់ក្នុងទីដ៏សមគួរហើយ ក៏មានព្រះបន្ទូលនឹងព្រះអានន្ទមានអាយុ យ៉ាងនេះថា បពិត្រព្រះអានន្ទ
ID: 636805789206365356
ទៅកាន់ទំព័រ៖