ព្រះត្រៃបិដក ភាគ ១១
ចំពោះព្រះមានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន កំហុសគ្របសង្កត់ហើយនូវខ្ញុំព្រះអង្គ តាមដោយខ្ញុំព្រះអង្គ ជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស ខ្ញុំព្រះអង្គដែលមានចិត្តប្រទូស្ត មានចិត្តចង់សម្លាប់ ហើយដើរចូលមកដល់ទីនេះ បពិត្រព្រះអង្គដ៏ចំរើន សូមព្រះមានព្រះភាគ អត់នូវកំហុស តាមទោសរបស់ខ្ញុំព្រះអង្គនោះ ដើម្បីនឹងសង្រួមតទៅទៀត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលអ្នកដ៏មានអាយុ ណ្ហើយចុះ អ្នកមានកំហុសគ្របសង្កត់ហើយ ព្រោះអ្នកឯងជាមនុស្សល្ងង់ខ្លៅ ជាមនុស្សវង្វេង ជាមនុស្សមិនឈ្លាស អ្នកមានចិត្តប្រទូស្ត មានចិត្តចង់សម្លាប់ (តថាគត) ហើយដើរចូលមកដល់ទីនេះ ម្នាលអ្នកដ៏មានអាយុ បើអ្នកបានឃើញកំហុស តាមទោសខុសណាហើយ ចូរធ្វើឲ្យសមគួរតាមធម៌ តថាគតនឹងទទួលអត់ទោសរបស់អ្នកនោះ ម្នាលអ្នកដ៏មានអាយុ (បើ) អ្នកណាមួយ បានឃើញកំហុស តាមទោសខុសពិត ហើយសំដែង (ទោសនោះ) តាមធម៌ ដល់នូវសេចក្តីសង្រួមតទៅ នេះជាសេចក្តីចំរើនរបស់អ្នកនោះ ក្នុងអរិយវិន័យ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់សំដែងនូវអនុបុព្វីកថា ដល់បុរសនោះ អនុបុព្វីកថានោះ ដូចម្តេច ព្រះអង្គទ្រង់សំដែងទានកថា សីលកថា សគ្គកថា និងទោសនៃកាម ដែលថោកទាបសៅហ្មង
ID: 636805099677836580
ទៅកាន់ទំព័រ៖