ព្រះត្រៃបិដក ភាគ ១១
កាលដែលព្រះយសកាកណ្ឌកបុត្តពោលយ៉ាងនេះហើយ ពួកឧបាសកដែលនៅក្នុងក្រុងវេសាលី ក៏នាំគ្នាពោលពាក្យដូច្នេះ នឹងព្រះយសកាកណ្ឌកបុត្តដ៏មានអាយុថា បពិត្រព្រះករុណាដ៏ចំរើន មានតែលោកម្ចាស់យសកាកណ្ឌកបុត្តមួយទេ ជាសមណសក្យបុត្តិយ៍ ឯភិក្ខុទាំងអស់នេះ សុទ្ធតែមិនមែនជាសមណៈ មិនមែនជាសក្យបុត្តិយ៍ឡើយ បពិត្រព្រះករុណាដ៏ចំរើន សូមព្រះយសកាកណ្ឌកបុត្តជាម្ចាស់ គង់នៅក្រុងវេសាលីចុះ យើងទាំងឡាយនឹងធ្វើសេចក្តីខ្វល់ខ្វាយដោយចីវរ បិណ្ឌបាត សេនាសនៈ និងគិលានបច្ច័យភេសជ្ជបរិក្ខារ ដល់ព្រះយសកាកណ្ឌកបុត្តជាម្ចាស់។ គ្រានោះឯង ព្រះយសកាកណ្ឌកបុត្តមានអាយុ លុះពន្យល់ពួកឧបាសក ដែលនៅក្នុងក្រុងវេសាលីហើយ ក៏ទៅកាន់អារាមជាមួយនឹងភិក្ខុអនុទូតវិញ។
[៣០៣] លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី សួរភិក្ខុជាអនុទូតថា ម្នាលអាវុសោ ព្រះយសកាកណ្ឌកបុត្ត បានសូមខមាទោសនឹងពួកឧបាសក ដែលនៅក្នុងក្រុងវេសាលីហើយឬ។ ភិក្ខុជាអនុទូតនោះពោលថា ម្នាលអាវុសោទាំងឡាយ អំពើអាក្រក់ ពួកយើងបានធ្វើហើយ ពួកឧបាសកធ្វើ គឺថា គេជឿព្រះយសកាកណ្ឌកបុត្តតែមួយ ថាជាសមណសក្យបុត្តិយ៍ ឯពួកយើងទាំងអស់ ឧបាសកធ្វើ គឺគេទុកដាក់ថា មិនមែនជាសមណៈ មិនមែនជាសក្យបុត្តិយ៍ទៅវិញ។
ID: 636805802765440891
ទៅកាន់ទំព័រ៖