ព្រះត្រៃបិដក ភាគ ១១
ឆាន់ភោជនក្នុងវេលាវិកាល គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយចន្លោះស្រុក គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយចន្លោះស្រុកនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុដែលឆាន់រួចហើយ ហាមភោជនហើយ គិតថា អញនឹងទៅកាន់ចន្លោះស្រុកឥឡូវនេះ ហើយឆាន់អនតិរិត្តភោជន គឺភោជនដែលមិនបានធ្វើវិនយកម្ម ឬភោជនមិនមែនសល់ដែលអំពីភិក្ខុឈឺ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអាវាស គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអាវាសនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន អាវាសច្រើននៅក្នុងសីមាជាមួយគ្នា ភិក្ខុធ្វើឧបោសថកម្មផ្សេងៗគ្នា គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអនុមតិ
(១) គួរដែរឬ។
(១) ក្នុងសារត្ថទីបនីថា សង្ឃគិតថា ពួកភិក្ខុដែលមិនទាន់មកដល់ លុះមកដល់ហើយ សឹមយើងកាន់យកសេចក្តីយល់ព្រម លុះគិតដូច្នេះហើយ ពួកភិក្ខុទាំងនោះ មិនទាន់មកដល់នៅឡើយ សង្ឃក៏នាំគ្នាធ្វើសង្ឃកម្មជាពួក ហើយកាន់យកនូវការយល់ព្រមជាខាងក្រោយ គួរដែរ។ កម្មជាពួកមិនមានឡើយ។
ID: 636805806979101899
ទៅកាន់ទំព័រ៖