ព្រះត្រៃបិដក ភាគ ១១
ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអនុមតិនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន សង្ឃជាពួកធ្វើសង្ឃកម្ម ដោយគិតថា យើងទាំងឡាយ នឹងឲ្យពួកភិក្ខុដែលមកដល់ យល់ព្រម ឬត្រេកអរជាខាងក្រោយ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអាចិណ្ណៈ គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអាចិណ្ណៈ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុប្រព្រឹត្ត ដោយគិតថា អំពើនេះ ព្រះឧបជ្ឈាយ៍របស់យើង ធ្លាប់ប្រព្រឹត្តមកហើយ អំពើនេះ អាចារ្យរបស់យើងធ្លាប់ប្រព្រឹត្តមកហើយ ដូច្នេះ គួរដែរឬ។ ព្រះរេវតឆ្លើយថា ម្នាលអាវុសោ ការកំណត់ដោយអាចិណ្ណៈ គួរខ្លះ មិនគួរខ្លះ។ ព្រះយសកាកណ្ឌកបុត្តសួរទៀតថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរ គួរដែរឬ។ ព្រះរេវតសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរនោះ តើដូចម្តេច។ ព្រះយសកាកណ្ឌកបុត្តពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ទឹកដោះស្រស់ណា ដែលលះបង់ភាពជាទឹកដោះស្រស់ទៅហើយ តែនៅមិនទាន់ដល់នូវភាពជាទឹកដោះជូរនៅឡើយ ភិក្ខុឆាន់ហើយ ហាមភោជនហើយ ផឹកទឹកដោះ
ID: 636805807238346727
ទៅកាន់ទំព័រ៖