ព្រះត្រៃបិដក ភាគ ១១
បុគ្គលជាអធម្មវាទី នឹងមានកំឡាំងឡើង បុគ្គលជាធម្មវាទី នឹងថយកំឡាំងចុះ បុគ្គលជាអវិនយវាទី នឹងមានកំឡាំងឡើង បុគ្គលជាវិនយវាទី នឹងថយកំឡាំងចុះ។ ឯព្រះរេវតមានអាយុ ទទួលពាក្យព្រះយសកាកណ្ឌកបុត្តមានអាយុថា ម្នាលអាវុសោ យ៉ាងហ្នឹងហើយ។
ចប់ ភាណវារៈ ទី១។
[៣០៧] ឯពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី បានឮដំណឹងថា ព្រះយសកាកណ្ឌកបុត្ត ប្រាថ្នានឹងជម្រះនូវអធិករណ៍នេះ ខំស្វែងរកបក្ខពួក ក៏ឮថា ឥឡូវនេះ បានបក្ខពួកហើយ។ គ្រានោះឯង ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី មានសេចក្តីរិះគិតដូច្នេះថា អធិករណ៍នេះរឹងរូសណាស់ សាហាវណាស់ យើងទាំងឡាយគប្បីជាបុគ្គលមានកំឡាំងក្លៀវក្លាក្នុងអធិករណ៍នេះ ដោយបក្ខពួកណា ធ្វើដូចម្តេច យើងទាំងឡាយគប្បីបាននូវបក្ខពួកនោះឡើង។ លំដាប់នោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី មានសេចក្តីរិះគិតឃើញដូច្នេះថា ព្រះរេវតមានអាយុនេះឯង លោកជាពហុសូត្រ ចេះចាំក្នុងគម្ពីរនិកាយ ជាអ្នកទ្រទ្រង់ធម៌ ទ្រទ្រង់វិន័យ ទ្រទ្រង់មាតិកា ជាបណ្ឌិត ឈ្លាសវៃ មានប្រាជ្ញា មានសេចក្តីអៀនខ្មាស មានសេចក្តីរង្កៀស មានប្រាថ្នានូវសិក្ខា
ID: 636805808009290822
ទៅកាន់ទំព័រ៖