ព្រះត្រៃបិដក ភាគ ១១
បើយើងទាំងឡាយបាននូវព្រះរេវតមានអាយុជាបក្ខពួកហើយ យើងទាំងឡាយនឹងមានកំឡាំងក្លៀវក្លា ក្នុងអធិករណ៍នេះ ដោយអាការយ៉ាងនេះមិនខាន។ ទើបពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី នាំគ្នាចាត់ចែងគ្រឿងបរិក្ខាររបស់សមណៈជាច្រើនគឺ បាត្រផង ចីវរផង សំពត់និសីទនៈផង បំពង់ម្ជុលផង វត្ថពន្ធចង្កេះផង សំពត់តម្រងទឹកផង ធម្មក្រកផង។ គ្រានោះឯង ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី នាំគ្នាយកគ្រឿងបរិក្ខារជារបស់សមណៈនោះ ហើយជិះទូកឆ្លងឡើងទៅកាន់នគរសហជាតិ លុះចុះអំពីទុកហើយ ក៏ឈប់ ធ្វើភត្តកិច្ចក្រោមម្លប់ដើមឈើ១។
[៣០៨] គ្រានោះ ព្រះសាឡ្ហៈមានអាយុ ទៅកាន់ទីស្ងាត់សម្ងំ នៅក្នុងព្រះកម្មដ្ឋាន មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា ពួកភិក្ខុណាហ្ន៎ ដែលជាធម្មវាទី ពួកភិក្ខុអ្នកនៅខាងបាចីនទិស (ទិសខាងកើត) ឬថា ពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ។ គ្រាកាលដែលព្រះសាឡ្ហៈមានអាយុ ពិចារណានូវធម៌ និងវិន័យ ក៏មានសេចក្តីត្រិះរិះដូច្នេះថា ពួកភិក្ខុដែលនៅខាងបាចីនទិស ជាអធម្មវាទី ឯពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ ជាធម្មវាទី។ លំដាប់នោះ ទេវតាមួយអង្គ នៅក្នុងពួកសុទ្ធាវាសព្រហ្ម បានដឹងនូវសេចក្តីត្រិះរិះក្នុងចិត្តរបស់ព្រះសាឡ្ហៈមានអាយុ ដោយចិត្តរបស់ខ្លួនហើយ
ID: 636805808295917216
ទៅកាន់ទំព័រ៖