ព្រះត្រៃបិដក ភាគ ១១
ក៏ចុះអំពីឋានទេវលោកជាន់សុទ្ធាវាស មកប្រាកដក្នុងទីចំពោះមុខ នៃព្រះសាឡ្ហៈមានអាយុ ដោយរហ័សភ្លាម ប្រៀបដូចជាបុរស ដែលមានកំឡាំង លាចេញនូវដើមដៃ ដែលខ្លួនបត់ចូល ឬថា បត់ចូលនូវដើមដៃ ដែលខ្លួនលាចេញ។ ទើបទេវតានោះ ពោលពាក្យនេះ នឹងព្រះសាឡ្ហៈមានអាយុថា បពិត្រលោកម្ចាស់សាឡ្ហៈដ៏ចំរើន សេចក្តីត្រិះរិះរបស់លោកម្ចាស់ ប្រពៃណាស់ហើយ ពួកភិក្ខុដែលនៅខាងបាចីនទិស ជាអធម្មវាទី ឯពួកភិក្ខុដែលនៅក្នុងដែនបាឋេយ្យ ជាធម្មវាទី បពិត្រលោកម្ចាស់សាឡ្ហៈដ៏ចំរើន បើដូច្នោះ ធម៌យ៉ាងណា សូមលោកម្ចាស់ឋិតនៅយ៉ាងនោះចុះ។ ព្រះសាឡ្ហៈពោលថា ម្នាលទេវតា កាលពីដើមក្តី ឥឡូវនេះក្តី ធម៌យ៉ាងណា អាត្មាឋិតនៅយ៉ាងនោះ ប៉ុន្តែអាត្មាមិនទាន់ធ្វើឲ្យជាក់ច្បាស់នូវទិដ្ឋិ គឺសេចក្តីយល់ សេចក្តីចូលចិត្តនៅឡើយ ធ្វើដូចម្តេច គប្បីឲ្យសង្ឃសន្មតអាត្មាក្នុងអធិករណ៍នេះឯង។
[៣០៩] គ្រានោះ ពួកវជ្ជីបុត្តកភិក្ខុ ដែលនៅក្នុងក្រុងវេសាលី នាំគ្នាកាន់យកនូវគ្រឿងបរិក្ខារ ជារបស់សមណៈនោះ ហើយចូលទៅរកព្រះរេវតមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលពាក្យដូច្នេះ នឹងព្រះរេវតមានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន សូមព្រះថេរៈជាម្ចាស់ ទទួលយកនូវបរិក្ខារជារបស់សមណៈ គឺបាត្រផង ចីវរផង សំពត់និសីទនៈ
ID: 636805808570252907
ទៅកាន់ទំព័រ៖