ព្រះត្រៃបិដក ភាគ ១១
បពិត្រព្រះថេរៈដ៏ចំរើន ចុះចំណែកខាងព្រះថេរៈជាម្ចាស់ ឥឡូវនេះ ច្រើននៅដោយធម៌ ជាគ្រឿងនៅដូចម្តេច។ ព្រះសព្វកាមីឆ្លើយថា ម្នាលលោកដ៏ចំរើន ឥឡូវនេះ ខ្ញុំច្រើននៅដោយធម៌ ជាគ្រឿងនៅដ៏ស្ងប់ស្ងាត់ ឬសូន្យ (ផលសមាបត្តិ)។ ព្រះរេវតពោលថា បពិត្រព្រះថេរៈដ៏ចំរើន ឮថាឥឡូវនេះ ព្រះថេរៈជាម្ចាស់ ច្រើននៅដោយធម៌ ជាគ្រឿងនៅ ជារបស់មហាបុរស បពិត្រព្រះថេរៈដ៏ចំរើន ក៏ឯធម៌ជាគ្រឿងនៅជារបស់មហាបុរសនេះ គឺសេចក្តីស្ងប់ស្ងាត់ ឬសូន្យនេះឯង។ ព្រះសព្វកាមីពោលថា ម្នាលលោកដ៏ចំរើន កាលពីដើមដែលខ្ញុំនៅជាគ្រហស្ថនៅឡើយ តែងសន្សំនូវសេចក្តីស្ងប់ស្ងាត់ ឬសូន្យ ព្រោះហេតុនោះ បានជាក្នុងកាលឥឡូវនេះ ខ្ញុំច្រើននៅដោយធម៌ជាគ្រឿងនៅស្ងប់ស្ងាត់ ឬសូន្យ ម្យ៉ាងទៀត ខ្ញុំបានសម្រេចនូវព្រះអរហត្តជាយូរដែរហើយ។
[៣១២] ពាក្យជាចន្លោះ របស់ភិក្ខុជាថេរៈនេះ នៅមិនទាន់ស្រេចនៅឡើយ។ ក៏ស្រាប់តែព្រះសម្ភូតសាណវាសីមានអាយុមកដល់។ ទើបព្រះសម្ភូតសាណវាសីមានអាយុ ចូលទៅរកព្រះសព្វកាមីមានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះសព្វកាមីមានអាយុ ហើយអង្គុយក្នុងទីដ៏សមគួរ។ លុះព្រះសម្ភូតសាណវាសីមានអាយុ អង្គុយក្នុងទីដ៏សមគួរហើយ ទើបពោលពាក្យនេះនឹងព្រះសព្វកាមីមានអាយុថា
ID: 636805810745847344
ទៅកាន់ទំព័រ៖