ព្រះត្រៃបិដក ភាគ ១១

ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ព្រះ​រេ​វត​សួរ​ថា​ ​ចុះ​ព្រះអង្គ​ ​ទ្រង់​ឃាត់​ក្នុង​ទីណា​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ទ្រង់​ឃាត់​ក្នុង​សុត្តវិភង្គ​ ​ក្នុង​ក្រុង​រាជគ្រឹះ​។​ ​ព្រះ​រេ​វត​សួរ​ថា​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​អ្វី​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ត្រូវអាបត្តិ​បាចិត្តិយៈ​ ​ព្រោះ​បរិភោគ​ក្នុង​កាល​ខុស​។​ ​ព្រះ​រេ​វត​សូត្រ​ប្រកាស​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​វត្ថុ​ទី២នេះ​ ​សង្ឃ​បាន​វិនិច្ឆ័យ​ដាច់ស្រេច​ហើយ​។​ ​វត្ថុ​នេះ​ខុស​ចាក​ធម៌​ ​ខុស​ចាក​វិន័យ​ ​ប្រាសចាក​សាសនា​នៃ​ព្រះ​សាស្តា​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ខ្ញុំ​ដាក់ចុះ​នូវ​ស្លាក​ទី២នេះ​។​
 [​៣១៨​]​ ​ព្រះ​រេ​វត​សួរ​ទៀត​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ការកំណត់​ដោយចន្លោះ​ស្រុក​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​សព្វ​កា​មី​សួរ​តប​វិញ​ថា​ ​ម្នាល​អាវុសោ​ ​ការកំណត់​ដោយចន្លោះ​ស្រុក​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះ​រេ​វត​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ភិក្ខុ​គិតថា​ ​អញ​នឹង​ទៅកាន់​ចន្លោះ​ស្រុក​ឥឡូវនេះ​ ​ហើយ​ឆាន់​ភោជន​ ​ហាម​ភោជន​រួចហើយ​ ​ក៏​ឆាន់​ភោជន​ដែល​ភិក្ខុ​មិនបាន​ធ្វើ​វិនយកម្ម​ ​ឬមិន​មែន​ជា​វត្ថុ​សល់​ដែល​អំពី​ភិក្ខុ​ឈឺ​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ព្រះ​រេ​វត​សួរ​ថា​ ​ព្រះអង្គ​ ​ទ្រង់​ឃាត់​ក្នុង​ទីណា​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ព្រះអង្គ​ ​ទ្រង់​ហាមឃាត់​ក្នុង​សុត្តវិភង្គ​ ​ក្នុង​ក្រុង​សាវត្ថី​។​ ​ព្រះ​រេ​វត​សួរ​ថា​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​អ្វី​។​ ​
ថយ | ទំព័រទី ៤២២ | បន្ទាប់
ID: 636805813441851547
ទៅកាន់ទំព័រ៖