ព្រះត្រៃបិដក ភាគ ១១
ព្រះសព្វកាមីប្រាប់ថា ត្រូវអាបត្តិបាចិត្តិយៈ ព្រោះឆាន់ភោជន ដែលភិក្ខុមិនបានធ្វើវិនយកម្ម ឬមិនមែនជាវត្ថុសល់ដែលអំពីភិក្ខុឈឺ។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៣នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៣នេះ។
[៣១៩] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអាវាស គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ ការកំណត់ដោយអាវាសនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន អាវាសច្រើន មានសីមាស្មើគ្នា ភិក្ខុធ្វើឧបោសថកម្មផ្សេងៗគ្នា គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ មិនគួរទេ។ ព្រះរេវតសួរថា ព្រះមានព្រះភាគ ទ្រង់ឃាត់ក្នុងទីណា។ ព្រះសព្វកាមីឆ្លើយថា ទ្រង់ឃាត់ក្នុងឧបោសថសំយុត្ត (ឧបោសថក្ខន្ធកៈ) ក្នុងក្រុងរាជគ្រឹះ។ ព្រះរេវតសួរថា ភិក្ខុនោះ ត្រូវអាបត្តិអ្វី។ ព្រះសព្វកាមីឆ្លើយថា ត្រូវអាបត្តិទុក្កដ ព្រោះប្រព្រឹត្តល្មើសព្រះវិន័យ។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ
ID: 636805813737888479
ទៅកាន់ទំព័រ៖