ព្រះត្រៃបិដក ភាគ ១១

វត្ថុ​ទី៤នេះ​ ​សង្ឃ​បាន​វិនិច្ឆ័យ​ដាច់ស្រេច​ហើយ​ ​វត្ថុ​នេះ​ខុស​ចាក​ធម៌​ ​ខុស​ចាក​វិន័យ​ ​ប្រាសចាក​សាសនា​នៃ​ព្រះ​សាស្តា​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ខ្ញុំ​ដាក់ចុះ​នូវ​ស្លាក​ទី៤នេះ​។​ ​
 [​៣២០​]​ ​ព្រះ​រេ​វត​សួរ​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​ការកំណត់​ដោយ​អនុមតិ​ ​គួរ​ដែរ​ឬ​។​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​សព្វ​កា​មី​សួរ​តប​វិញ​ថា​ ​ម្នាល​អាវុសោ​ ​ការកំណត់​ដោយ​អនុមតិ​នោះ​ ​តើ​ដូចម្តេច​។​ ​ព្រះ​រេ​វត​ពោល​ថា​ ​បពិត្រ​លោកម្ចាស់​ដ៏​ចំរើន​ ​សង្ឃ​ជាពួក​ ​ធ្វើ​សង្ឃកម្ម​ដោយ​គិតថា​ ​យើង​ទាំងឡាយ​ ​នឹង​ឲ្យ​ពួក​ភិក្ខុ​ដែល​មកដល់​ ​យល់ព្រម​ ​ឬ​ត្រេកអរ​ជា​ខាងក្រោយ​ ​គួរ​ដែរ​ឬ​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ម្នាល​អាវុសោ​ ​មិន​គួរ​ទេ​។​ ​ព្រះ​រេ​វត​សួរ​ថា​ ​ព្រះអង្គ​ ​ទ្រង់​ឃាត់​ក្នុង​ទីណា​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ទ្រង់​ឃាត់​ក្នុង​វិនយ​វត្ថុ​ ​ក្នុង​ចម្បេយ្យ​ក្ខន្ធ​កៈ​។​ ​ព្រះ​រេ​វត​សួរ​ថា​ ​ភិក្ខុ​នោះ​ ​ត្រូវអាបត្តិ​អ្វី​។​ ​ព្រះ​សព្វ​កា​មី​ឆ្លើយ​ថា​ ​ត្រូវអាបត្តិ​ទុក្កដ​ ​ព្រោះ​ប្រព្រឹត្ត​ល្មើស​ព្រះ​វិន័យ​។​ ​ព្រះ​រេ​វត​សូត្រ​ប្រកាស​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​វត្ថុ​ទី៥នេះ​ ​សង្ឃ​បាន​វិនិច្ឆ័យ​ដាច់ស្រេច​ហើយ​។​ ​វត្ថុ​នេះ​ខុស​ចាក​ធម៌​ ​ខុស​ចាក​វិន័យ​ ​ប្រាសចាក​សាសនា​នៃ​ព្រះ​សាស្តា​ ​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​ខ្ញុំ​ដាក់ចុះ​នូវ​ស្លាក​ទី៥នេះ​។​ ​
ថយ | ទំព័រទី ៤២៤ | បន្ទាប់
ID: 636805814020634651
ទៅកាន់ទំព័រ៖