ព្រះត្រៃបិដក ភាគ ១១
[៣២១] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយអាចិណ្ណៈ គួរដែរឬ។ ព្រះសព្វការមីសួរវិញថា ម្នាលអាវុសោ ការកំណត់ដោយអាចិណ្ណៈនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ភិក្ខុប្រព្រឹត្ត ដោយគិតថា អំពើនេះ ព្រះឧបជ្ឈាយ៍របស់យើង ធ្លាប់សន្សំមកហើយ អំពើនេះ អាចារ្យរបស់យើងធ្លាប់សន្សំមកហើយ ដូច្នេះ គួរដែរឬ។ ព្រះសព្វកាមីឆ្លើយថា ម្នាលអាវុសោ ការកំណត់ដោយអាចិណ្ណៈ គួរខ្លះ មិនគួរខ្លះ។ ព្រះរេវតសូត្រប្រកាសថា បពិត្រព្រះសង្ឃដ៏ចំរើន សូមសង្ឃស្តាប់ខ្ញុំ វត្ថុទី៦នេះ សង្ឃបានវិនិច្ឆ័យដាច់ស្រេចហើយ។ វត្ថុនេះខុសចាកធម៌ ខុសចាកវិន័យ ប្រាសចាកសាសនានៃព្រះសាស្តា ដោយប្រការដូច្នេះឯង។ ខ្ញុំដាក់ចុះនូវស្លាកទី៦នេះ។
[៣២២] ព្រះរេវតសួរថា បពិត្រលោកម្ចាស់ដ៏ចំរើន ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរ គួរដែរឬ។ ព្រះសព្វកាមីសួរតបវិញថា ម្នាលអាវុសោ ការកំណត់ដោយទឹកដោះដែលមិនទាន់ជូរនោះ តើដូចម្តេច។ ព្រះរេវតពោលថា បពិត្រលោកម្ចាស់ដ៏ចំរើន ទឹកដោះស្រស់ណា ដែលលះបង់ភាវៈជាទឹកដោះស្រស់ហើយ តែនៅមិនទាន់ដល់នូវភាវៈជាទឹកដោះជូរនៅឡើយ ភិក្ខុឆាន់ភោជនរួចហើយ ហាមភោជនរួចហើយ
ID: 636805814341012976
ទៅកាន់ទំព័រ៖