ព្រះត្រៃបិដក ភាគ ១១
មនុស្សពួកនោះ និយាយគ្នាយ៉ាងនេះថា ម្នាលគ្នាយើង មិនយូរប៉ុន្មានឡើយ មុខជាព្រះពុទ្ធនាគ នឹងធ្វើសង្គ្រាមជាមួយនឹងហត្ថិនាគ (នេះ)។ លំដាប់នោះ ព្រះមានព្រះភាគ ទ្រង់ផ្សាយមេត្តាចិត្តទៅកាន់ដំរីនាឡាគិរី។ គ្រានោះ ដំរីនាឡាគិរី ដែលមេត្តាចិត្តរបស់ព្រះមានព្រះភាគពាល់ត្រូវហើយ ក៏ដាក់ប្រមោយចុះ ចូលទៅជិតព្រះមានព្រះភាគ លុះចូលទៅដល់ហើយ បានឈរនៅចំពោះព្រះភក្ត្រព្រះមានព្រះភាគ។ ព្រះមានព្រះភាគ យកព្រះហស្ថខាងស្តំា ស្ទាបពោងដំរីនាឡាគិរី ហើយសំដែងគាថា ចំពោះដំរីនាឡាគិរីនោះថា
[៤៣] ម្នាលកុញ្ជរ អ្នកកុំចូលមកប៉ុនប៉ងសម្លាប់ព្រះពុទ្ធនាគឡើយ ម្នាលកុញ្ជរ ព្រោះថា ការចូលមកប៉ុនប៉ងសម្លាប់ពុទ្ធនាគ ជាហេតុឲ្យកើតទុក្ខ។ ម្នាលកុញ្ជរ កាលបើអ្នកសម្លាប់ព្រះពុទ្ធនាគហើយ ទៅអំពីជាតិនេះ ទៅកាន់លោកខាងមុខ (អ្នក) មិនបានទៅកើតក្នុងសុគតិទេ។ ចូរអ្នកលែងស្រវឹង លែងប្រមាទទៅ ព្រោះថា សត្វទាំងឡាយ ដែលប្រមាទហើយ តែងមិនបានទៅកាន់សុគតិភូមិឡើយ។ អ្នកនឹងទៅកាន់សុគតិ ដោយប្រការដែលអ្នកធ្វើខ្លួនឯង។
ID: 636805105994787889
ទៅកាន់ទំព័រ៖