ព្រះត្រៃបិដក ភាគ ១១
[៤៤] លំដាប់នោះ ដំរីនាឡាគិរីចាប់ល្អងធូលី ដែលជាប់នឹងព្រះបាទព្រះមានព្រះភាគ ដោយប្រមោយ យកមករោយរាយលើក្បាល ហើយបែរមុខចំព្រះមានព្រះភាគ អង្កុញជើងមុខ ថយក្រោយ ដរាបទាល់តែលែងឃើញព្រះមានព្រះភាគ។ លំដាប់នោះ ដំរីនាឡាគិរី ដើរទៅកាន់រោងដំរី ក៏បានឈរនៅក្នុងកន្លែងរបស់ខ្លួនដដែល។ ព្រះមានព្រះភាគ បានទូន្មានដំរីនាឡាគិរី ដោយប្រការដូច្នេះឯង។
[៤៥] សម័យនោះឯង មនុស្សទាំងឡាយនាំគ្នាច្រៀងគាថានេះថា ជនពួក១តែងទូន្មាន (ដំរី) ដោយដម្បងខ្លះ ដោយកង្វេរខ្លះ ដោយរំពាត់ខ្លះ (ចំណែក) ព្រះពុទ្ធ ដែលព្រះអង្គស្វែងរកនូវគុណធំ ឥតមានដម្បង ឥតមានគ្រឿងសស្ត្រាអ្វីទេ តែអាចទូន្មានហត្ថិនាគបាន។មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ទេវទត្តនេះ ជាមនុស្សអាក្រក់ ជាអ្នកឥតបុណ្យសោះ មិនសមបើនឹងព្យាយាមសម្លាប់ព្រះសមណគោតម ដែលមានឫទ្ធិច្រើន មានអានុភាពច្រើនយ៉ាងនេះឡើយ។ ទេវទត្តក៏សាបសូន្យលាភសក្ការៈទៅ។ ឯលាភសក្ការៈ ក៏រឹតតែចំរើនឡើង ដល់ព្រះមានព្រះភាគ។
ID: 636805106357608642
ទៅកាន់ទំព័រ៖