ព្រះត្រៃបិដក ភាគ ១១
ម្នាលអនុរុទ្ធ បើភទ្ទិយសក្យរាជ ចេញចាកផ្ទះ ទៅបួសក្នុងសាសនា កាលបើដូច្នោះ អ្នកឯងចូរបួសចុះ។ ភទ្ទិយសក្យរាជឆ្លើយថា ម្នាលសំឡាញ់ ខ្ញុំបាននិយាយវាចានុ៎ះ ចំពោះអ្នកមែនថា ម្នាលសំឡាញ់ បើបព្វជ្ជារបស់អ្នកជាប់ទាក់ទងនឹងខ្ញុំក្តី មិនជាប់ក្តី បព្វជ្ជានោះ លើកទុកទៅចុះ ខ្ញុំគង់តែនឹងបួសជាមួយនឹងអ្នកតាមសប្បាយដែរ។ អនុរុទ្ធបបួលថា ម្នាលសំឡាញ់ អ្នកចូរមក យើងទាំងពីរនាក់ នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ ក្នុងសម័យនោះ ពួកមនុស្ស ច្រើននិយាយពាក្យសច្ចៈ ប្តេជ្ញាគ្នាដោយពាក្យសច្ចៈ។ លំដាប់នោះ ព្រះភទ្ទិយសក្យរាជ តបនឹងអនុរុទ្ធសក្កៈយ៉ាងនេះថា ម្នាលសំឡាញ់ អ្នកចូរបង្អង់៧ឆ្នាំសិន លុះអំណឹះ៧ឆ្នាំទៅ យើងទាំងពីរនាក់ នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈឆ្លើយតបថា ម្នាលសំឡាញ់ ៧ឆ្នាំនោះយូរណាស់ ខ្ញុំមិនអាចនឹងបង្អង់ចាំដល់៧ឆ្នាំទេ។ ព្រះភទ្ទិយសក្យរាជ ឆ្លើយថា ម្នាលសំឡាញ់ អ្នកចូររង់ចាំ៦ឆ្នាំចុះ។បេ។ ៥ឆ្នាំ ៤ឆ្នាំ ៣ឆ្នាំ ២ឆ្នាំ ១ឆ្នាំចុះ លុះអំណឹះ១ឆ្នាំទៅ យើងទាំងពីរនាក់ នឹងចេញចាកផ្ទះ ទៅបួសក្នុងសាសនា។ អនុរុទ្ធសក្កៈបបួលទៀតថា ម្នាលសំឡាញ់ ១ឆ្នាំនោះយូរពេកណាស់ ខ្ញុំមិនអាច
ID: 636805089731107660
ទៅកាន់ទំព័រ៖