ព្រះត្រៃបិដក ភាគ ១១
[៥៦] សម័យនោះ មានភិក្ខុមួយរូបឈរយំ នៅជិតព្រះមានព្រះភាគ។ លំដាប់នោះ ព្រះមានព្រះភាគ បានត្រាស់តម្រាស់នេះ នឹងភិក្ខុនោះថា ម្នាលភិក្ខុ ហេតុអ្វីក៏អ្នកយំ។ ភិក្ខុនោះ ក្រាបបង្គំទូលថា បពិត្រព្រះអង្គដ៏ចំរើន អគ្គសាវ័ករបស់ព្រះមានព្រះភាគ គឺព្រះសារីបុត្ត និងព្រះមោគ្គល្លានទាំងនោះ ពេញចិត្តនឹងធម៌ទេវទត្តហើយ បានជាទៅកាន់សំណាក់ទេវទត្ត។ ព្រះអង្គ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ សារីបុត្ត និងមោគ្គល្លាន ពេញចិត្តនឹងធម៌ទេវទត្ត ដោយឧបាយណា ឧបាយនោះ មិនមែនជាហេតុ មិនមែនជាឱកាសឡើយ ឯសារីបុត្ត និងមោគ្គល្លានទៅនោះ ដើម្បីពន្យល់ភិក្ខុផងគ្នាទេតើ។
[៥៧] ចួនសម័យនោះឯង ទេវទត្តមានបរិសទ្យជាច្រើនចោមរោមត្រៀបត្រា កំពុងអង្គុយសំដែងធម៌។ ទេវទត្តបានឃើញព្រះសារីបុត្តនិងព្រះមោគ្គល្លាន ដើរមកអំពីចម្ងាយលឹមៗ លុះឃើញហើយ ក៏ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ ចូរអ្នកមើលចុះ ធម៌យើងសំដែងហើយដោយល្អទាល់តែអគ្គសាវ័ករបស់ព្រះសមណគោតម គឺសារីបុត្ត និងមោគ្គល្លាន (ពេញចិត្តនឹងធម៌យើងហើយ បានជា) មកកាន់សំណាក់យើង។ កាលបើទេវទត្តនិយាយយ៉ាងនេះហើយ កោកាលិកភិក្ខុ ក៏បាននិយាយពាក្យនេះ
ID: 636805110628342914
ទៅកាន់ទំព័រ៖