ព្រះត្រៃបិដក ភាគ ១១
មិនសួររកសេនាសនៈខ្លះ (ដូច្នោះ)សោះ ម្នាលភិក្ខុទាំងឡាយ អំពើនេះ មិននាំឲ្យជ្រះថ្លា ដល់ពួកជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ លុះទ្រង់បន្ទោសហើយ ទើបទ្រង់ធ្វើធម្មីកថា ត្រាស់ហៅភិក្ខុទាំងឡាយមកថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ តថាគតនឹងបញ្ញត្តវត្ត ដល់អាគន្តុកភិក្ខុទាំងឡាយ តាមទំនងដែលអាគន្តុកភិក្ខុទាំងឡាយ ត្រូវប្រព្រឹត្តដោយប្រពៃ។
[៧៩] ម្នាលភិក្ខុទាំងឡាយ អាគន្តុកភិក្ខុគិតថា អាត្មាអញនឹងចូលទៅកាន់អារាមក្នុងកាលឥឡូវនេះ ហើយត្រូវដោះស្បែកជើង ធ្វើឲ្យទាប ហើយគោះចេញ កាន់យកទៅ ហើយដម្លោះឆត្រ បើកក្បាល ដាក់ចីវរពីលើក្បាល មកលើ-កវិញ ហើយត្រូវដើរសន្សឹមៗ ចូលទៅកាន់អារាមដោយស្រួល កាលនឹងដើរចូលទៅកាន់អារាម ត្រូវកំណត់ទុកក្នុងចិត្តថា អាវាសិកភិក្ខុទាំងឡាយ ប្រជុំគ្នាក្នុងទីណា (បើ) អាវាសិកភិក្ខុទាំងឡាយប្រជុំគ្នាក្នុងទីណា ត្រូវទៅក្នុងទីនោះ គឺក្នុងឧបដ្ឋានសាលាក្តី ក្នុងមណ្ឌបក្តី ទៀបគល់ឈើក្តី ហើយទុកដាក់បាត្រ ក្នុងទីដ៏សមគួរ ទុកដាក់ចីវរក្នុងទីដ៏សមគួរ កាន់យកអាសនៈដ៏សមគួរ ហើយអង្គុយ គប្បីសួររកទឹកសម្រាប់ឆាន់ គប្បីសួររកទឹកសម្រាប់ប្រើប្រាស់ថា ណាទឹកសម្រាប់ឆាន់ ណាទឹកសម្រាប់ប្រើប្រាស់ បើមានសេចក្តីត្រូវការដោយទឹកសម្រាប់ឆាន់
ID: 636805124704027997
ទៅកាន់ទំព័រ៖