ព្រះត្រៃបិដក ភាគ ១១
ត្រូវយកទឹកសម្រាប់ឆាន់ ហើយឆាន់ចុះ បើមានសេចក្តីត្រូវការដោយទឹកសម្រាប់ប្រើប្រាស់ ត្រូវយកទឹកសម្រាប់ប្រើប្រាស់លាងជើងចុះ កាលនឹងលាងជើង ត្រូវស្រោចទឹកដោយដៃម្ខាង លាងជើងដោយដៃម្ខាង បើស្រោចទឹកដោយដៃណា មិនត្រូវលាងជើងដោយដៃនោះទេ ត្រូវសួររកកំណាត់សម្ពត់សម្រាប់ជូតស្បែកជើង រួចជូតស្បែកទាំងឡាយចុះ កាលដែលនឹងជូតស្បែកជើង (នោះ) មុនដម្បូង ជូតដោយកំណាត់ស្ងួត ខាងក្រោយមក ត្រូវជូតដោយកំណាត់សម្ពត់ទទឹក ត្រូវលាងកំណាត់សម្ពត់សម្រាប់ជូតស្បែកជើង ហើយពូតហាលទុកក្នុងទីដ៏សមគួរ បើអាវាសិកភិក្ខុចាស់វស្សាជាង អាគន្តុកភិក្ខុត្រូវថ្វាយបង្គំ បើខ្ចីវស្សា អាគន្តុកភិក្ខុត្រូវឲ្យថ្វាយបង្គំខ្លួនវិញ អាគន្តុកភិក្ខុ ត្រូវសួររកសេនាសនៈថា សេនាសនៈដូចម្តេច សម្រាប់ខ្ញុំព្រះករុណា ត្រូវសួរអំពីសេនាសនៈ ដែលគេនៅហើយឬ ៗគ្មានគេនៅទេ ត្រូវសួររកគោចរគ្រាម
(១) ត្រូវសួររកអគោចរគ្រាម
(២) ត្រូវសួររកសេក្ខសម្មតិត្រកូល ត្រូវសួររកទីសម្រាប់បន្ទោបង់វច្ចៈ
(១) អដ្ឋកថា ថា អាគន្តុកភិក្ខុ ត្រូវសួររកទីភិក្ខាចារយ៉ាងនេះថា គោចរគ្រាមនោះ នៅជិត ឬនៅឆ្ងាយ ត្រូវចេញទៅបិណ្ឌបាតអំពីពេលព្រឹក ឬពេលថ្ងៃ។ (២) អគោចរគ្រាម បានដល់ភូមិ ឬស្រុករស់ពួកមិច្ឆាទិដ្ឋិ ឬទីដែលគេឈប់ដាក់បិណ្ឌបាតហើយ។
ID: 636805125602289374
ទៅកាន់ទំព័រ៖