ព្រះត្រៃបិដក ភាគ ១១
បិទទ្វារ និងបង្អួច រួចដើរចេញទៅចុះ ប្រសិនបើវិហារលេចគ្មានសល់ បើគមិកភិក្ខុអាច (នាំយកទៅបាន) ត្រូវនាំសេនាសនៈទៅកាន់ស្រុក ឬត្រូវធ្វើសេចក្តីខ្វល់ខ្វាយថា អាត្មាអញ នឹងនាំយកសេនាសនៈទៅកាន់ស្រុក ដោយឧបាយដូចម្តេចហ្ន៎ បើគមិកភិក្ខុបានធ្វើសេចក្តីខ្វល់ខ្វាយយ៉ាងនេះ ការបានដូច្នេះ នេះជាការល្អ បើមិនបានទេ គមិកភិក្ខុត្រូវរៀបចំគ្រែលើថ្មតូច៤ដុំ ក្នុងទីវាល ហើយតម្រួតគ្រែលើគ្រែ តម្រួតតាំងលើតាំង ធ្វើសេនាសនៈឲ្យគរលើគ្នា ហើយរៀបចំទុកដាក់គ្រឿងឈើ និងគ្រឿងដី បិទបាំងដោយស្មៅ ឬដោយស្លឹកឈើ រួចសឹមដើរចេញទៅ ដោយធ្វើទុកក្នុងចិត្តថា ធ្វើដូចម្តេច នឹងឲ្យអវយវៈ (របស់គ្រែ និងតាំង) ទាំងឡាយសល់នៅបាន ម្នាលភិក្ខុទាំងឡាយ នេះហើយជាវត្តរបស់ពួកគមិកភិក្ខុ តាមបែបបទ ដែលពួកគមិកភិក្ខុត្រូវប្រព្រឹត្តដោយប្រពៃ។
[៨៤] សម័យនោះឯង ភិក្ខុទាំងឡាយមិនអនុមោទនាក្នុងរោងភត្ត។ មនុស្សទាំងឡាយ ពោលទោស តិះដៀល បន្តុះបង្អាប់ថា ពួកសមណៈ ជាសក្យបុត្តិយ៍ មិនគួរបើមិនអនុមោទនា ក្នុងរោងភត្តសោះ។ កាលដែលមនុស្សទាំងឡាយ កំពុងពោលទោស តិះដៀល បន្តុះបង្អាប់ ពួកភិក្ខុក៏បានឮ។ លំដាប់នោះ ភិក្ខុទាំងនោះ ក្រាបបង្គំទូលសេចក្តីនុ៎ះ ចំពោះព្រះមានព្រះភាគ។
ID: 636805682281369596
ទៅកាន់ទំព័រ៖